ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai New Post កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ពលរដ្ឋថៃបារម្ភពីយុវជនស្ទាវកម្ពុជាជាច្រើននាក់ប្រមូលផ្តុំគ្នានៅប្រាសាទតាមាន់ធំ ហើយពលរដ្ឋថៃចោទប្រកាន់ថា ក្រុមយុវជនស្ទាវទាំងនេះបានបង្ករឿងឈ្លោះប្រកែក និងនិយាយចំអកឱ្យកងទ័ពថៃ ។ ពលរដ្ឋថៃបារម្ភពីអសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឱ្យប្រទេសទាំងពីរមានជម្លោះជាមួយគ្នា ។

ពលរដ្ឋថៃចោទប្រកាន់ទៀតថា ទង្វើរបស់ក្រុមយុវជនស្ទាវកម្ពុជានៅប្រាសាទតាមាន់ធំ មិនត្រឹមតែពុំសមរម្យប៉ុណ្ណោះទេ គឺពួកគេថែមទាំងពុំគោរព និងពុំផ្តល់តម្លៃឱ្យពលរដ្ឋថៃទៀតផង ។ ការធ្វើដំណើរមកប្រាសាទតាមាន់ធំដើម្បីបង្កបញ្ហារបស់យុវជនស្ទាវទាំងនេះអាចធ្វើឱ្យប្រទេសកម្ពុជា និងថៃ មានជម្លោះជាមួយគ្នា ។ 
ដូច្នេះ ពលរដ្ឋថៃបានសំណូមពរដល់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជាពលរដ្ឋកម្ពុជា និងថៃ ពុំគួរបណ្តោយឱ្យក្រុមយុវជនស្ទាវធ្វើសកម្មភាពនៅប្រាសាទតាមាន់ធំតាមចិត្ត ពីព្រោះយុវជនជាក្មេងឈាមរាវ ងាយនឹងបង្កចលាចលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ 
រដ្ឋាភិបាលកម្ពុជា និងថៃ ពុំគួរមើលរំលងទង្វើរបស់ក្រុមយុវជនស្ទាវនៅប្រាសាទតាមាន់ធំទេ ពីព្រោះពួកគេបានមកប្រាសាទតាមាន់ធំយ៉ាងសេរី ។ ប្រសិនបើពួកគេបង្កបញ្ហាបែបនេះបន្តទៀត មិនយូរទេនឹងកើតបញ្ហាកាន់តែធំ ហើយប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ។ នេះបើតាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម ។
គួរបញ្ជាក់ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយកាលពីថ្ងៃទី២២ ខែកក្កដា ថា ភ្ញៀវទេសចរគ្រប់ជាតិសាសន៍អាចមកលេងប្រាសាទតាមាន់ធំ ប៉ុន្តែត្រូវតែគោរពច្បាប់ថៃ ។ ប្រសិនបើភ្ញៀវទេសចរបង្កបញ្ហា ឬមានជម្លោះវាយតប់គ្នា (គឺក្រុមយុវជនស្ទាវ) លោកនឹងបញ្ជាឱ្យបិទប្រាសាទចំនួន៧ថ្ងៃ ដើម្បីរៀបចំគោលការណ៍ថ្មី ៕










