ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ព និងពលរដ្ឋថៃបានប្តឹងសមត្ថកិច្ចឱ្យចា.ប់ខ្លួនស្ត្រីខ្មែរឈ្មោះ ម៉ូនីកា ដែលប៉ះពាក្យសម្តីជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយចោទប្រកាន់ថា អ្នកស្រីចង្អុលមុខជេរប្រមា.ថ និងមើលងា.យកងទ័ពថៃពេលកំពុងបំពេញភារកិច្ច ។ ក្រសួងការបរទេសថៃនឹងកោះហៅអ្នកស្រីឱ្យធ្វើដំណើរមកប្រទេសថៃ ដើម្បីឱ្យសមត្ថកិច្ចខេត្តសុរិន្ទសាកសួរដោយផ្ទាល់មាត់ ។
.png)
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod គឺថៃបានចោទប្រកាន់អ្នកស្រី ម៉ូនីកា បង្កបញ្ហានៅប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ (ជាប់ខេត្តសុរិន្ទ) ហើយថា អ្នកស្រីចង្អុលមុខកងទ័ពថៃពេលកំពុងបំពេញភារកិច្ច កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក ។ ក្រោយការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តអ្នកស្រីយ៉ាងខ្លាំង ហើយកងទ័ព និងពលរដ្ឋថៃក៏បានប្តឹងអ្នកស្រីមកកាន់សមត្ថកិច្ចខេត្តសុរិន្ទ ពីបទបង្កការរំខាន និងមើលងាយកងទ័ពថៃពេលបំពេញភារកិច្ច រួមទាំងចោទប្រកាន់ពីបទញុះញង់ក្នុងប្រព័ន្ធកុំព្យូទ័រ ។

ការប៉ះពាក្យសម្តីរបស់អ្នកស្រី ម៉ូនីកា ជាមួយកងទ័ពថៃ គឺដោយសារកងទ័ពថៃពុំអនុញ្ញាតឱ្យអ្នកស្រីឡើងលើប្រាសាទតាមាន់ធំដែលជាប្រាសាទរបស់ខ្មែរ ត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍យ៉ាងខ្លាំង និងជជែកពេញបណ្តាញសង្គម ។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចខេត្តសុរិន្ទក៏រាយការណ៍ទៅមេបញ្ជាការខេត្តសុរិន្ទ ដើម្បីបង្កើតក្រុមការងារស៊ើបអង្កេតករណីនេះ ។

ជំហ៊ានដំបូង មេបញ្ជាការខេត្តសុរិន្ទ បានចុះហត្ថលេខាបង្កើតក្រុមការងារស៊ើបអង្កេតចាត់វិធានការករណីនេះ ដើម្បីប្រមូលភស្តុតាង សាក្សី និងប្រមូលវីដេអូក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងនៅប្រាសាទតាមាន់ធំ ។ បន្ទាប់មក នឹងចេញលិខិតកោះហៅអ្នកស្រី ម៉ូនីកា ឱ្យធ្វើដំណើរមកខេត្តសុរិន្ទ ដើម្បីឆ្លើយតបជាមួយសមត្ថកិច្ចស៊ើបអង្កេតតាមរយៈក្រសួងការបរទេស ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា អ្នកស្រី ម៉ូនីកា ត្រូវបានកងទ័ពថៃចោទប្រកាន់ថា អ្នកស្រីចង្អុលមុខ និងជេរកងទ័ពថៃរឿងល្មើសចូលក្នុងទឹកដីកម្ពុជា រួចហើយក៏មានការឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយកងទ័ពថៃ រហូតដល់កងទ័ពខ្មែរប្រឈមមុខជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ។
ដោយឡែក នាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ ចោទថា ហេតុការណ៍ចលាចលកើតឡើងនៅប្រាសាទតាមាន់ធំកាលពីថ្ងៃទី១៥ ខែកក្កដា គឺជាការញុះញង់របស់កម្ពុជាចង់ឱ្យមានការប៉ះទង្គិច ហើយប្រាប់ឱ្យកងទ័ព និងពលរដ្ឋខ្លួនអត់ធ្មត់ ។ ការពិត ហេតុការណ៍នេះកើតឡើងដោយសារកងទ័ពថៃហាមឃាត់អ្នកស្រី ម៉ូនីកា មិនឱ្យឡើងប្រាសាទតាមាន់ធំដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែអ្នកស្រីតវ៉ាថា នេះជាប្រាសាទរបស់ខ្មែរ ទើបកងទ័ពថៃខឹងសម្បារ និងប្រមូលផ្តុំគ្នាឡើងប្រាសាទបណ្តេញអ្នកស្រី ៕










