ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា តុលាការថៃបានកាត់ទោសអតីតទាហានឈុតខ្មៅ និងបក្ខពួកដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួន ឱ្យជាប់ពន្ធ.នាគារត្រឹមតែរយៈពេល១ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥,០០០បាត (ឬ១៥១ដុល្លារ) ប៉ុណ្ណោះ ។ បើជនល្មើសសារភាពកំហុស តុលាការនឹងបន្ថយទោសមកនៅត្រឹម១៥ថ្ងៃ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន២,៥០០បាត (ឬ៧៥ដុល្លារ) ។.jpg)
លោក កាន់ផុង បាំរុងផុង (ហៅ កាន់ចមផ្លាំង ) ជាបុរសដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ និងការពារអធិបតេយ្យថៃបានចេញមុខធានាបង់ប្រាក់ពិន័យឱ្យអតីតទាហានឈុតខ្មៅថៃ និងបក្ខពួក ។ អតីតទាហានឈុតខ្មៅកំសាករបស់ថៃសប្បាយចិត្តដែលតុលាការកាត់ទោសឱ្យខ្លួនជាប់ពន្ធនាគារត្រឹមតែ១ខែ និងអរគុណលោក កាន់ផុង បាំរុងផុង ហើយអតីតទាហានឈុតខ្មៅថៃប្រកាសថា បើថៃមានសង្គ្រាមជាមួយកម្ពុជា ខ្លួនចង់ចូលរួមធ្វើសង្គ្រាម ។

កាលពីថ្ងៃទី២១ ខែកក្កដា លោកមេធាវី គ្រីតសាដា លោហីតឌី បានបញ្ជូនមេធាវីម្នាក់ទៀត គឺលោក វីរៈយុទ្ធ សិរិរឿងប្រាផា ឱ្យនាំខ្លួនលោក ស៊ុមម៉ាយ អាយុ៦០ឆ្នាំ អតីតទាហានឈុតខ្មៅថៃ និងជាប្រធានជំរំទាហានស្ម័គ្រចិត្តប៉ាកថុងឆ័យ និងលោក ប៉ាធុមផុង អាយុ៣៨ឆ្នាំ ដែលជនល្មើសទាំងពីរបានវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា មកទទួលស្គាល់ការចោទប្រកាន់របស់សមត្ថកិច្ច ។

សមត្ថកិច្ចអះអាងថា ជនល្មើសទាំងពីរពុំបានវាយកងទ័ពខ្មែរបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ឬប៉ះពាល់ផ្លូវចិត្ត ទើបបញ្ជូនជនល្មើសមកតុលាការនៅឃុំណៃមឿង ស្រុកមឿង ខេត្តសុរិន្ទ ដើម្បីកាត់ទោសពីបទធ្វើបាបរាងកាយអ្នកដទៃ ។ តុលាការខេត្តសុរិន្ទបានកាត់ទោសឱ្យជនល្មើសទាំងពីរជាប់ពន្ធនាគារត្រឹមរយៈពេល១ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥,០០០បាត បើសារភាពកំហុស តុលាការនឹងបន្ថយទោសមកនៅត្រឹម១៥ថ្ងៃ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន២,៥០០បាត ព្រមទាំងព្យួរទោសរយៈពេល១ឆ្នាំ ។ លោក កាន់ផុង បាំរុងផុង (ហៅ កាន់ចមផ្លាំង ) ជាបុរសដែលតាំងខ្លួនជាអ្នកស្នេហាជាតិ និងការពារអធិបតេយ្យថៃធានាបង់ប្រាក់ពិន័យឱ្យជនល្មើសទាំងពីរ ។.png)
តាមការអះអាងរបស់លោក វីរៈយុទ្ធ សិរិរឿងប្រាផា មេធាវីរបស់ជនល្មើស គឺតុលាការបានចោទប្រកាន់លោក ស៊ុមម៉ាយ ពីបទធ្វើបាបរាងកាយអ្នកដទៃ ប៉ុន្តែពុំបង្កគ្រោះថ្នាក់ដល់រាងកាយ និងផ្លូវចិត្ត ។ ហេតុនេះ ជនល្មើសទាំងពីរនឹងជាប់ពន្ធនាគាររយៈពេល១ខែ និងបង់ប្រាក់ពិន័យចំនួន៥,០០០បាត ។ ករណីជនល្មើសសារភាពកំហុស តុលាការនឹងបន្ធូរបន្ថយទោសមកជាប់ពន្ធនាគារត្រឹម១៥ថ្ងៃ និងបង់ប្រាក់ពិន័យត្រឹម២,៥០០បាតប៉ុណ្ណោះ រួមទាំងព្យួរទោសរយៈពេល១ឆ្នាំ ។ រីឯបក្ខពួកម្នាក់ទៀត គឺលោក ប៉ាធុមផុង ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ និងឱ្យបង់ប្រាក់ពិន័យដូចគ្នា ។
អតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួននិយាយថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ដោយសារតុលាការបានកាត់ក្តីត្រឹមត្រូវតាមច្បាប់ថៃ ។ បើខុស ខ្ញុំទទួលស្គាល់កំហុស ពុំបានរត់គេចទៅណាទេ ។ សូមអរគុណលោក កាន់ផុង បាំរុងផុង ដែលបានជួយបង់ប្រាក់ពិន័យឱ្យខ្ញុំ បើថៃធ្វើសង្គ្រាមជាមួយកម្ពុជា ខ្ញុំនឹងចូលរួមដែរ» ។
គួរបញ្ជាក់ថា អតីតទាហានឈុតខ្មៅថៃរូបនេះធ្លាប់ប្រកែកពុំព្រមសូមទោសកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ និងប្រាប់ឱ្យកងទ័ពខ្មែរមកប្តឹងនៅតុលាការប្រទេសថៃ ពីព្រោះខ្លួនវាយក្នុងទឹកដីថៃ ។ បន្ទាប់មក ក៏មានមេធាវីថៃចេញមុខការពារជនល្មើសឱ្យរួចផុតពីទោសកំហុស ៕










