ប្រទេសថៃ ៖ សារព័ត៌មាន Thai TV Social រាយការណ៍នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា ស្ត្រីថៃឈ្មោះ ស៊ីកាកូស ដែលបានប្រមូលព្រះចៅអធិការវត្តល្បីៗ និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងលំនៅឋាន ពីបទស្ត្រីរូបនេះជំរិតទារប្រាក់ពីព្រះចៅអធិការវត្ត ហើយផ្ទេរប្រាក់ទៅវែបសាយល្បែងអនឡាញជាច្រើនលើក ហើយក្នុង១លើក នាងផ្ទេរប្រាក់រហូតដល់៥សែនបាត ។ រីឯប្រាក់ទទួលបានពីព្រះសង្ឃ ចំនួន៣៨៥លានបាត ពេលនេះ នាងនៅសល់ប្រាក់ក្នុងគណនីធនាគារតែ៨ពាន់បាតប៉ុណ្ណោះ ។
កាលពីថ្ងៃទី១៥ ខែកក្កដា នៅនាយកដ្ឋានបង្ក្រាបបទល្មើសទីក្រុងបាងកក សមត្ថកិច្ចថៃបានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន ស្តីពីការចាប់ខ្លួនស្ត្រីថៃដែលប្រមូលព្រះចៅអធិការវត្តល្បីៗ និងព្រះសង្ឃជាច្រើនអង្គធ្វើប្តី ។ ស្ត្រីឈ្មោះ ស៊ីកាកូស ឬឈ្មោះ វិឡាវ៉ាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទគាំទ្រឱ្យព្រះសង្ឃប្រព្រឹត្តល្មើស, ទទួលរបស់លួច និងលាងលុយកខ្វក់ ។ ក្រៅពីនេះ សមត្ថកិច្ចក៏បានចោទប្រកាន់អតីតព្រះចៅអធិការវត្ត «ឈូជិតថាំម៉ារ៉ាម» ព្រះនាម ស៊ុមផុង ធិតូសូ ពីបទប្រព្រឹត្តល្មើសតួនាទី ។.jpg)
តាមការត្រួតពិនិត្យចំនួនប្រាក់រយៈពេល៣ឆ្នាំឃើញថា ស្ត្រីឈ្មោះ ស៊ីកាកូស មានប្រាក់ក្នុងគណនីធនាគារច្រើនរហូតដល់៣៨៥លានបាត ហើយនាងបានផ្ទេរប្រាក់ចូលក្នុងវែបសាយល្បែងអនឡាញជាញឹកញាប់ គឺការផ្ទេរប្រាក់១លើក ស្មើ៥សែនបាត ។ ពេលនេះ នាងនៅសល់ប្រាក់ក្នុងគណនីធនាគារតែ៨ពាន់បាតប៉ុណ្ណោះ ។.jpg)
សមត្ថកិច្ចបានបែងចែកព្រះចៅអធិការវត្ត និងព្រះសង្ឃដែលមានទំនាក់ទំនងស្នេហាជាមួយស្ត្រីឈ្មោះ ស៊ីកាកូស ជា៣ក្រុម រួមមាន ៖
ក្រុមទី១-ព្រះសង្ឃដែលទទួលស្គាល់ថា បានរួមមេត្រីជាមួយ ស៊ីកាកូស ស្មើ៩អង្គ ក្នុងនោះព្រះសង្ឃ៨អង្គបានសឹក និងនៅសល់១អង្គ
ក្រុមទី២-ព្រះសង្ឃមានទំនាក់ទំនងស្នេហាជាមួយ ស៊ីកាកូស ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ពីការរួមមេត្រី និង
ក្រុមទី៣-ព្រះសង្ឃមានអាកប្បកិរយាមិនសមរម្យ ហើយសមត្ថកិច្ចកំពុងរាប់ចំនួន ។
ជាមួយគ្នានេះ មានជនរងគ្រោះចំនួន២នាក់ បានដាក់ពាក្យបណ្តឹងស្ត្រីឈ្មោះ ស៊ីកាកូស រួមមាន ៖
១-អតីតប្រធានការិយាល័យពុទ្ធសាសនាខេត្តពិជិត និយាយថា ត្រូវបាន ស៊ីកាកូស បោកបញ្ឆោតខ្ចីប្រាក់ចំនួន៤សែនបាត ហើយប្រាប់ថា ឈឺធ្ងន់ត្រូវវះកាត់ ប៉ុន្តែនាងពុំបានវះកាត់ឡើយ និង
២-អតីតព្រះគ្រូជំនួយព្រះចៅអធិការវត្តសូថន ត្រូវបាន ស៊ីកាកូស គំរាមលាតត្រដាងរឿងស្នេហា ប្រសិនបើពុំផ្ទេរឱ្យនាង ចំនួន៨ពាន់បាត ។.jpg)
អគ្គលេខាធិការរងនៃការិយាល័យប្រឆាំងលាងលុយកខ្វក់ លោក កាក់ម៉ុនឡៈស៊ីត វង្សបុតណយ ឱ្យដឹងថា ទង្វើរបស់ស្ត្រីឈ្មោះ ស៊ីកាកូស និងព្រះសង្ឃជាច្រើនអង្គជាបទល្មើសលាងលុយកខ្វក់ ។ ការិយាល័យនឹងត្រួតពិនិត្យទ្រព្យសម្បត្តិទាំងអស់ បើរកឃើញថា បានមកពីការប្រព្រឹត្តល្មើសមូលដ្ឋាននឹងចាត់វិធានការរឹបអូសទ្រព្យសម្បតិភ្លាម ។
ស្ត្រីឈ្មោះ ស៊ីកាកូស ធ្លាប់និយាយថា នាងមានកូនជាមួយព្រះចៅអធិការវត្ត១អង្គ ហើយនាងបានទាមទារប្រាក់ពីសង្ឃថ្លៃចិញ្ចឹមនាងរយៈពេល២០ឆ្នាំ ចំនួន៧លាន២សែនបាត ។ ប៉ុន្តែពេលពុំទទួលបានប្រាក់តាមការទាមទារ នាងក៏គំរាមព្រះចៅអធិការវត្ត រហូតដល់មានការស៊ើបអង្កេត និងចាប់ខ្លួន ។
ពលរដ្ឋថៃបានគាំទ្រសមត្ថកិច្ចដែលចាប់ខ្លួនស្ត្រីឈ្មោះ ស៊ីកាកូស ប៉ុន្តែមានការសង្ស័យថា ហេតុអ្វី ស៊ីកាកូស ដែលសមត្ថកិច្ចចាប់ខ្លួនមានមុខមាត់ និងរូបរាងខុសគ្នាស្រឡះពីរូបថតដែលចែកចាយក្នុងបណ្តាញសង្គម ។ រូបថតក្នុងបណ្តាញសង្គម គឺនាងមានមុខមាត់ស្អាតបាត និងរាងសង្គម ប៉ុន្តែ ស៊ីកាកូស ដែលសមត្ថកិច្ចចាប់ខ្លួននេះមានមុខមាត់ និងរូបរាងខុសគ្នាស្រឡះ ។
គួរបញ្ជាក់ថា ព្រះសង្ឃថៃបានអប់រំផ្លូវចិត្តពលរដ្ឋតាមរយៈព្រះធម៌អស់រយៈពេលយូរមកហើយ ប៉ុន្តែការប្រព្រឹត្តខុសវិន័យរបស់ព្រះសង្ឃមួយចំនួនធ្វើឱ្យពលរដ្ឋថៃអស់ជំនឿ និងលែងគោរពព្រះពុទ្ធសាសនា ។ បញ្ហាសំខាន់ពេលនេះ គឺការដោះស្រាយបញ្ហាព្រះសង្ឃប្រព្រឹត្តល្មើសដើរខុសផ្លូវធម៌ និងជាពេលវេលាដែលប្រទេសថៃត្រូវធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធដើម្បីលើកកម្ពស់ពុទ្ធសាសនាក្នុងសង្គមវ ។
ការទទួលស្គាល់កំហុសរបស់ព្រះសង្ឃ គឺជាការដោះស្រាយបញ្ហាបច្ចុប្បន្ន និងថ្ងៃអនាគត ពីព្រោះវាចាំបាច់បំផុតដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។ ទោសកំហុសរបស់ព្រះសង្ឃថៃលើកនេះបានប៉ះពាល់ដល់ពុទ្ធសាសនាយ៉ាងខ្លាំង ពីព្រោះពុទ្ធសាសនា គឺជាសាសនាដ៏ធំនៅប្រទេសថៃ ៕










