ថ្មីៗនេះវិស័យសិល្បៈបានបង្កឱ្យមានការជជែកវែកយ៉ាងច្រើនដោយមានការលើកឡើងថានារីៗលះបង់ខ្លួនប្រាណដើម្បីទទួលបានតួនាទីក្នុងខ្សែភាពយន្ត។ ជុំវិញបញ្ហាដែល កំពុងក្តៅគគុកនេះតារាចម្រៀង វ៉ាន់ នីឡា បានបញ្ចេញចំណាប់ អារម្មណ៍របស់ខ្លួនដោយ យល់ឃើញថាការធ្វើនេះគឺអាស្រ័យលើបុគ្គលហើយយើងអាចបដិសេធបានប្រសិនបើមិនព្រម។

នៅថ្ងៃទី១៥ កក្កដា តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរថា «ហ៊ឹម…… ឱ្យតែអ្នក សិល្បៈដឹងតែត្រូវឱ្យខ្លួនប្រាណគេដើម្បីល្បី ដើម្បីបានថតមងហ្អី?? នារីតែងតែជាជន រងគ្រោះមិនថាការងារជាអ្វីហើយសំខាន់គឺនារីដែលនៅ ក្នុងវិស័យសិល្បៈផ្ទាល់តែម្តង»។ 
តារាស្រីរូបនេះ បានលើកឡើងថា «រឿងឱ្យខ្លួនប្តូរនឹងការងារនេះគឺវាអាស្រ័យលើបុគ្គល ហើយពេលខ្លះវាក៏មិនមែនជាការប្តូរវាជាការពេញចិត្តរវាងមនុស្សទាំងសងខាង ហើយមិនមែនគ្រប់សិល្បការិនីគេត្រូវតែឆ្លងកាត់បែបនេះ។ ហើយមួយទៀតបើសិនជាមានបញ្ហានេះកើតឡើងគឺយើងមានសិទ្ធិបដិសេធមិនមែនដាច់ខាតត្រូវតែទៅជាមួយគេដើម្បីប្តូរយកអ្វីមួយនោះទេ»។
កញ្ញា វ៉ាន់ នីឡា ថា ព្រោះតែមានរឿងបែបនេះហើយទើបឪពុកម្តាយមួយចំនួន មិនអនុញ្ញាតឱ្យកូនចូលសិល្បៈទេដោយសារតែព្រួយបារម្ភចំពោះបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា ផលិតករ អ្នកសិល្បៈ និងអ្នកដែលធ្វើការក្នុងវិស័យសិល្បៈមួយចំនួនបានចេញមកនិយាយយ៉ាងក្តៅគគុកបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកដឹកនាំរឿងម្នាក់ល្បួងក្មេងស្រីៗធ្វើរឿងមិនគប្បីដើម្បីបានតួនាទីសម្តែងក្នុងខ្សែភាពយន្ត។ អ្នកមួយចំនួនថែមទាំងបានដាក់រហ័សនាមឱ្យអ្នកដឹកនាំរឿងរូបនោះថាជា P Diddy ខ្មែរទៀតផង៕










