ប៉ារីសៈ គណៈប្រតិភូថៃ ដែលបានចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស កើតទុក្ខមិនសុខចិត្ត ក្រោយរងភាពអាម៉ាស នៅពេលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌របស់កម្ពុជាបានចោ.ទប្រកាន់ប្រទេសថៃថាបានចម្លងរចនាបថប្រាសាទអង្គរវត្ត ដោយគ្មានក្រមសីលធម៌នៅក្នុងចំណោមតំណាងប្រទេសមកពីទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃសុក្រ ទី១១ ខែកក្កដា បានឲ្យដឹងថា ប្រធានគណៈប្រតិភូថៃ លោក Seehasak Phuangketkaew បានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោ.ទប្រកាន់នេះ ដោយហៅវាថាជាហេតុផលនយោបាយ និងមិនសមរម្យក្នុងការលើកយកមកនិយាយនៅវេទិកាបេតិកភណ្ឌពិភពលោកបែបនេះទេ។
លោក Seehasak បានច្រានចោលការលើកឡើងនេះ ដោយធ្វើការពន្យល់ថាវត្តភូម៉ាន់ហ្វា ដែលស្ថិតនៅខេត្តបុរីរម្យ ប្រទេសថៃ គឺជាស្ថាបត្យកម្មព្រះពុទ្ធសាសនា ដែលត្រូវបានបំផុសគំនិតដោយទីតាំងប្រវត្តិសាស្ត្រផ្សេងៗរបស់ថៃ មិនមែនជាការចម្លងនៃប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជានោះទេ។ លោកបានសម្តែងការភ្ញាក់ផ្អើល និងការខកចិត្តចំពោះការអះអាងរបស់ប្រទេសកម្ពុជា។.jpg)
តំណាងប្រតិភូថៃរូបនេះ បានកត់សម្គាល់ថា កម្ពុជាតែងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យនៅខាងខ្លួន ប៉ុន្តែមិនបានជោគជ័យឡើយ ព្រោះភាគច្រើនប្រទេសទាំងនោះបានចាត់ទុកវាជាបញ្ហាទ្វេភាគី ច្រើនជាងយល់ថាវាជាសមត្ថកិច្ចរបស់អង្គការយូណេស្កូ។ ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរធ្លាប់បានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីដោះស្រាយវិវាទវប្បធម៌រវាងប្រទេសទាំងសងខាង។
លោក Seehasak បានទម្លាក់បន្ទុកមកកម្ពុជាវិញថា៖ ការស្តោះទឹកមាត់ដាក់គេបែបនេះ បានបង្កើនភាពតានតឹងបន្ថែម លើបញ្ហាដែលកំពុងកើតមាន ជាពិសេសការបំបាក់មុខថៃ នៅចំពោះមុខបណ្ដារប្រទេសដទៃទៀតលើឆាតអន្តរជាតិ បន្ទាប់ពីកម្ពុជាបានបង្ហោះការចោទប្រកាន់នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោយកិច្ចប្រជុំ។
គួរជម្រាបថា សំណង់ស្ថាបត្យកម្មនៅវត្ត Phu Manfa ត្រូវបានថៃបដិសេធជារឿយៗថា មិនបានចម្លងគំរូតាមប្រាសាទអង្គរវត្តរបស់កម្ពុជាទេ។ គំនិតផ្ដួចផ្ដើមក្នុងការកសាងសំណង់ប្រាសាទនេះឡើង គឺបានមកពីការយល់សប្តិរបស់ព្រះចៅអធិការនៅវត្ត Phu Manfa រួមជាមួយនឹងការយកលំនាំតាមសិល្បៈនៅតាមទីតាំងប្រវត្តិសាស្រ្តផ្សេងៗទៀតរបស់ថៃផ្សុំបញ្ចូលគ្នា ទើបបង្កើតបានជាប្រាសាទ Siha Nakhon ឡើងមក៕










