១សប្ដាហ៍កន្លងមកហើយ ដែលក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានបញ្ចេញ របាយការណ៍ស៊ើបអង្កេតស្តីពីការអនុវត្តការងារផ្តល់ប្រាក់កម្ចីរបស់ធនាគារកូរ៉េនៅកម្ពុជា ចំនួន២ គឺ ធានាគារ ខេប៊ីប្រាសាក់ (KB Prasac) និង អ៊ូរីប៊ែង ( Woori Bank ) បានរំលោភបំពានសិទ្ធមនុស្សធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់ឃើញមានរបាយការណ៍ ឬការបកស្រាយណាមួយពីស្នាក់ការកណ្ដាលរបស់ធានាគារទាំងពីរខាងលើនេះទេ ខណៈដែលលោក លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា (ABC) បានត្រឹមតែបញ្ជាក់ពីគោលជំហរបស់ខ្លួនថា នឹងររក្សាស្តង់ដារធនាគារប្រកបដោយក្រមសីលធម៌ និងការពារសិទ្ធិអ្នកប្រើប្រាស់ ។

កាលពីពីថ្ងៃទី30 ខែមិថុនា ឆ្នាំ 2025 ក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ បានបញ្ចាញរបាយការណ៍មួយមានចំណងជើងថា “ការផ្តល់ប្រាក់កម្ចីដែលគួរឱ្យខ្លាច របស់ធនាគារកូរ៉េនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានបង្ហាញពីការអនុវត្តការងារគ្មានក្រមសីលធម៌របស់មន្ត្រីធានាគារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ក៏ដូចជាបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាការគំរាមគំហែង បង្ខំឱ្យអតិថិជនលក់ដីដែលបញ្ចាំ និងបង្ខំឱ្យទៅខ្ចីលុយឯកជន ក្រៅប្រព័ន្ធ មកសងបំណុលខ្លួន ជាដើម ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizIcb6KC48X7dAAwS7dV1BqWvgqC-d4HzzAYnloxMQ2hvEO1WWnAqXKuuk7sLV6pvYQSfQ1ZES6vAdZ1HGPZ95VW9QCor8mduJMchEDRxI3vIrNLPO0OsSNZi1_iQle-0zPyqU6h5Z3cNKrxpq7m8fpGlgaiZdQ1TNDO8ET64zHGRpm9RLb1alYufzpgxZ/w628-h382/Captuffffre.PNG

តាមរយៈរបាយការណ៍ស្ដីពីការរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ធាគារ ខេប៊ីប្រាសាក់ (KB Prasac) និង អ៊ូរីប៊ែង ( Woori Bank ) នេះផងដែរ ត្រូវបានចងក្រងដោយក្រុមអង្គការសិទ្ធិមនុស្សនៅប្រទេសកូរ៉េ ដោយពួកគេបានធ្វើដំណើរមកកម្ពុជា និងចំណាយពេល ១០ថ្ងៃ ដើម្បីសម្ភាសន៍ផ្ទាល់ជាមួយអតិថិជន ក្នុងរាជធានីភ្នំពេញ ចំណុចកណ្ដាលខេត្តកំពង់ចាម និងភាគឦសាននៃខេត្តរតនគិរី ដើម្បីចង់ដឹងពីការអនុវត្តការងារ និងដំណើរការការងារកម្ចីរបស់ភាគីធានាគារ ។

ការស្ទង់មតិភាគច្រើនបានបង្ហាញថា មន្ត្រីធានាគារបានបញ្ចុះបញ្ចូលអតិថិជន ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុទាបឱ្យខ្ចីលុយចំនួនច្រើន ដោយដាក់ប្លង់ដីជាទ្រព្យបញ្ចាំ ។
នៅពេលដែលបំណុលកើនឡើង មន្ត្រីធានាគារក៏បានគំរាម ឬបង្ខំឱ្យអតិថិជនលក់ដីដែលបញ្ចាំនោះនៅក្នុងតម្លៃទាប និងបង្ខំឱ្យទៅខ្ចីលុយក្រៅប្រព័ន្ធដើម្បីសងត្រឡប់មកវិញ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpi3rXzVuBbx1DzfztQVJIUy1Sj5FVN_GXsMppTzJrwUOj4zUIv9djOZF3at7K53vUJjh42AuPWb4Du0uxSYdMcslTR2Q-UZIhT19JYe_EIo4QOJsN6TMRM2-qubZf9Chz_Z7sAakNWmPazk0ScXZ-9bdJOc9YP_D91dSae5ITDORGxpWn6l71wAHjiCe/w659-h481/Capdddture.PNG

របាយការណ៍វិភាគបានប្រាប់ថា ធានាគារទាំងពីរនេះ ទទួលបានប្រាក់ចំណេញជាច្រើនក្នុងមួយឆ្នាំៗ ប៉ុន្តែ វានាំឱ្យគ្រួសារជនរងគ្រោះជួបវិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យកាន់តែមានភាពក្រីក្រ និងរំលោភសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ។ នេះមិនមែនគ្រាន់តែជាការខាតបង់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការខូចខាតដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់គ្រួសារ ដូចជាការបាត់បង់ដីធ្លី និងផ្ទះសម្បែង កង្វះស្បៀងអាហារ សុខភាពកាន់តែយ៉ាប់យ៉ឺន ការរំខានដល់ការសិក្សារបស់កុមារ និងពលកម្មកុមារ ជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាតជាដើម ។

យ៉ាងណាមិញ KBN ស្វាគមន៍ចំពោះការបកស្រាយណាមួយពីភាគីធានាគារដើម្បីរក្សាបាននូវព័ត៌មានពិតប្រាកដ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងប្រកបដោយវិជ្ជាជីវៈ បម្រើដល់មហាជនក្នុងសង្គម ៕

ដោយ៖ សហការី KBN, ដោនឡូតឯកសារ