ក្រសួងធម្មការ និងសាសនា បានធ្វើការហាមដាច់ខាតការប្រកបអាជីវកម្ម “គោដុត” នៅតាមទីសាធារណៈ ដោយបើកចំហរ ដូចជានៅមុខហាងជាដើម។
ការដែលក្រសួងហាមប្រាមនេះ ដោយសារតែ ការលក់គោដុត បង្ហាញពីអំពើហឹង្សា និងឃោរឃៅ ផ្ទុយនឹងគោលការណ៍អហិង្សារបស់ព្រះពុទ្ធសាសនា។
បន្ថែមពីនេះ ចំពោះអាជីវករ លក់ដូរសត្វ និងសាច់សត្វគ្រប់ភេទ ត្រូវលក់តែក្នុងទីរានផ្សារ ហាមដាច់ខាតមិនត្រូវដាក់លក់ តាមផ្លូវសាធារណៈដោយរូបភាព ចងព្យួរ ដាក់ផ្ទាល់ដី លើគ្រែ ឬលើតុនោះទេ។
ដោយឡែក ការដឹកជញ្ជូនសត្វ សត្វស្លាប និងសត្វមានជីវិតផ្សេងៗ តាមរថយន្ត ម៉ូតូ កង់បី និងមធ្យោបាយផ្សេងៗទៀត ចាំបាច់ត្រូវបិទបាំងឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ជៀសវាងព្យួរកនៅកន្លែងចំហរ ឬចងនៅលើផ្លូវ ដែលជារូបភាពបង្ហាញពីអំពើហឹង្សា និងប៉ះពាល់ដល់តម្លៃសីលធម៌នៃសង្គមកម្ពុជា។
គួរបញ្ជាក់ថា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគោរព និងបណ្តុះស្មារតីសីលធម៌ ដែលមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍន៍ជាតិឆ្ពោះទៅរកភាពរុងរឿង សន្តិភាព និងវិបុលភាពពិតប្រាកដសម្រាប់មនុស្សជាតិ៕










