ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon រាយការណ៍ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទៅត្រួតពិនិត្យស្ថានការណ៍នៅច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ឬច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ក្រោយពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ។ នាយករដ្ឋមន្ត្រីថៃបានជជែកជាមួយពលរដ្ឋ និងអាជីវករនៅបរិវណព្រំដែន ពលរដ្ឋមួយចំនួនផ្តល់កម្លាំងចិត្ត ពលរដ្ឋថៃខ្លះបណ្តេញចេញ ខណៈអាជីវករលក់ដូរផ្សាររុងក្លឿ នាំគ្នាតវ៉ាជាមួយនាយករដ្ឋមន្ត្រីថា ការបិទព្រំដែនបានឃ្លងលឹក ធ្វើឱ្យពិបាកលក់ដូរយ៉ាងខ្លាំង បាត់បង់ចំណូលរហូតដាច់ពោះស្លា.ប់ ពិបាកជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ។

នាវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៦ ខែមិថុនា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ រួមទាំងមន្ត្រីមួយចំនួនបានធ្វើដំណើរមកដល់ច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ព និងមន្ត្រីក្នុងតំបន់ រួមទាំងស្តាប់អភិបាលខេត្តស្រះកែវ រាយការណ៍ពីស្ថានការណ៍ទូទៅ ។ លោកស្រី ផេថងថាន និយាយថា ពលរដ្ឋនៅស្រះកែវ អាចសម្របខ្លួនបានជាមួយការបិទព្រំដែន ប៉ុន្តែអាជីវកររងផលប៉ះពាល់ ។
បន្ទាប់មក លោកស្រី ផេថងថាន ក៏បានដើរទៅជួបពលរដ្ឋដែលមករង់ចាំទទួលស្វាគមន៍ និងប្រគល់ផ្កាផ្តល់កម្លាំងចិត្តឱ្យនាយករដ្ឋមន្ត្រីតស៊ូបន្តទៀត ។ ប៉ុន្តែនៅបរិវេណមុខច្រកព្រំដែនបានឃ្លងលឹ មានពលរដ្ឋថៃប្រមាណ ៣០នាក់ បានស្រែកបណ្តេញលោកស្រី ផេថងថាន និងកាន់ស្លាកសរសេរថា «នាយករដ្ឋមន្ត្រីលក់ជាតិ» «នាយករដ្ឋមន្ត្រីបេះដូងខ្មែរ» ។

ចំណែកក្រុមអាជីវករថៃបានមករង់ចាំរថយន្តរបស់លោកស្រី ផេថងថាន អំពាវនាវឱ្យថៃបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន ដើម្បីឱ្យអាជីវករងាយស្រួលលក់ដូរ ដោយសារអាជីវករនៅផ្សាររុងក្លឿ និងលក់នៅបរិវេណព្រំដែនបានឃ្លងលឹក រងផលប៉ះពាល់ខ្លាំង ពុំអាចទិញ-លក់ទំនិញជាមួយពលរដ្ឋខ្មែរ ។ អាជីវករប្រាប់ថា ពួកគេយល់ពីបញ្ហាសន្តិសុខ ប៉ុន្តែពេលមានបញ្ហាប្រាសាទព្រះវិហារកន្លងមក គ្មានការបិទព្រំដែនជាប់កម្ពុជាបែបនេះទេ ។ ពេលនេះ ស្ថានការណ៍ធ្ងន់ធ្ងរជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ពលរដ្ឋលំបាកខ្លាំង សូមលោកស្រី ផេថងថាន បើកព្រំដែនឱ្យរថយន្តដឹកទំនិញអាចចេញ-ចូលបាន ។
.png)
ក្រុមអាជីករថៃនិយាយថា ពេលនេះ ពួកខ្លួនលំបាកបំផុតគ្មានប្រាក់ចំណូល ផ្ទះក៏ត្រូវបង់រំលស់ និងរថយន្តបង់រំលស់ ។ ហេតុនេះ នាយករដ្ឋមន្ត្រីត្រូវសម្រួលឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនបានខ្លះៗ ។ អាជីវករថៃលក់ដូរនៅទីនេះអាចស្តាប់ភាសាខ្មែរបានទាំងអស់ គឺការបិទព្រំដែនពុំធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ទេ ប៉ុន្តែពលរដ្ឋថៃស្លាប់ ពីព្រោះនៅកម្ពុជាមានការលក់ដូរទំនិញធម្មតា ពុំខ្វះខាតទំនិញទេ ។
.jpg)
ការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមហេតុផលបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអនឡាញ ធ្វើឱ្យពលរដ្ឋ និងអាជីវករថៃលក់ដូរនៅព្រំដែនលំបាកយ៉ាងខ្លាំង មិនថាការលក់ដូរនៅព្រំដែនបានឃ្លងលឹក ការលក់ដូរនៅផ្សាររុងក្លឿ, ផ្សារឆងចម នៅច្រកព្រំដែនអូរស្មាច់-ឆងចម និងច្រកជប់គគី-សាយតាគូ ។ លើសពីនេះ រថយន្តដឹកទំនិញថៃរាប់រយគ្រឿងដែលបម្រុងដឹកទំនិញមកកម្ពុជា បានកកស្ទះនៅព្រំដែនធ្វើឱ្យឈ្មួញថៃខាតបង់ដើមទុន និងសំណូមពរទៅនាយករដ្ឋមន្ត្រី បិទព្រំដែនត្រឹមរយៈពេលខ្លី ៕









