វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារមុននេះបន្តិចថា បទឈប់បា.ញ់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ចាប់ផ្ដើមមានប្រសិទ្ធភាពហើយ និងបានស្នើទៅកាន់ប្រទេសទាំងពីរកុំឲ្យបំពានវាជាដាច់ខាត។ លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធ Truth Social ថា «បទឈប់បា.ញ់បានចូលជាធរមានហើយ សូមកុំបំពានជាដាច់ខាត!» ។

លោក Donald Trump បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលកាលពីយប់ថ្ងៃសៅរ៍ នៅពេលដែលគាត់បានអនុញ្ញាតឱ្យធ្វើការវា.យប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលការធ្វើបែបនេះ ហាក់កំពុងនាំសហរដ្ឋអាមេរិកឲ្យចូលទៅក្នុងសង្រ្គាមប៉ែកមជ្ឈិមបូព៌ា។ បន្ទាប់មកគាត់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត នាល្ងាចថ្ងៃចន្ទប្រហែលម៉ោង 6 ល្ងាច (ម៉ោងក្នុងតំបន់) នៅពេលដែលគាត់បានប្រកាសថាអ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បា.ញ់ទាំងស្រុង និងពេញលេញ” ដែលត្រូវបានកំណត់ឱ្យចូលជាធរមាន “ប្រហែល 6 ម៉ោងចាប់ពីពេលនេះ” ។ នេះបើយោងតាមសារព័ត៌មាន New York Times បានរាយការណ៍។

លោក Trump បានប្រាប់ទូរទស្សន៍ NBC បន្ទាប់ពីបានប្រកាសបទឈប់បា.ញ់គ្នាថា “ខ្ញុំមិនជឿទេ ថាពួកគេនឹងបា.ញ់គ្នាម្តងទៀតនោះ” ។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ជាក់ជាសាធារណៈភ្លាមៗដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឬអ៊ីស្រាអែលនោះទេ ហើយគ្រាប់មីស៊ីលនៅតែបន្តហោះហើរពេញផ្ទៃអាកាសនៅឡើយ។.png)
គួររំលឹកថា កាលពីម្សិលមិញប្រទេសអ៊ីរ៉ង់បានបើកការវា.យប្រ.ហារដោយមីស៊ីល ទៅលើមូលដ្ឋានយោធាអាមេរិក ដើម្បីជាការសងសឹកដែលអាមេរិកបានទម្លា.ក់គ្រាប់បំផ្លាញរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន។ ជាមួយគ្នានេះ លោក Trump បានថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់សម្រាប់ការផ្តល់ “ការជូនដំណឹងជាមុន” មុនពេលផ្លោងមីស៊ីល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ទាន់ពេលវេលា ហើយដែលមិនបណ្តាលឱ្យមានអ្នករងរបួស។ នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បានបន្ថែមថា “ប្រហែលជាពេលនេះ អ៊ីរ៉ង់អាចបន្តទៅរកសន្តិភាព និងភាពសុខដុមរមនានៅក្នុងតំបន់បានហើយ ដូចនេះខ្ញុំនឹងលើកទឹកចិត្តអ៊ីស្រាអែលឱ្យធ្វើបេបនេះដូចគ្នា”។
បន្ទាប់ពីការសម្របសម្រួលឲ្យភាគីទាំងពីរស្រុះស្រួលគ្នា និងទទួលយកបទឈប់បា.ញ់ លោក Trump ក៏បានព្រមានផងដែរថា “ហាមមិនឲ្យភាគីណាមួយបំពានលើកិច្ចសង្រ្គាមមួយនេះជាដាច់ខាត” ។ ស្របពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមន្រ្តីអ៊ីស្រាអែលឥឡូវនេះបានបើកចំហរជាផ្លូវការហើយ ថានឹងការបញ្ចប់យុទ្ធនាការយោធារបស់ពួកគេទៅលើអ៊ីរ៉ង់ ប្រសិនបើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ជ្រើសរើសធ្វើបែបនេះដូចគ្នា៕










