ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍ថា ក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រីក៏ចុះសួរសុខទុក្ខកងទ័ពនៅខេត្តឧប៊ុនរ៉ាជធានី និងជួបមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ដើម្បីសូមទោស ។ ពេលមកដល់ទីក្រុងបាងកកវិញ លោកស្រីបានពិភាក្សាជាមួយលោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីត្រៀមកំណត់វិធានការតទល់ជាមួយកម្ពុជា រួចហើយលោកស្រីក៏សរសេរក្នុងបណ្តាញសង្គម X បញ្ជាក់ពីគោលជំហររដ្ឋាភិបាលគាំទ្រកងទ័ព ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានត្រឡប់មកទីក្រុងបាងកកវិញ បន្ទាប់ពីធ្វើដំណើរទៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ដើម្បីសូមទោសលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ករណីបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ។ លោកស្រីបានមកដល់មជ្ឈមណ្ឌលចល័តកងទ័ពជើងគោក ទីក្រុងបាងកក នាពេលម៉ោង៤និង៤០នាទីថ្ងៃដដែល ហើយក៏បានពិភាក្សាជាមួយលោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស ដែលមករង់ចាំជួបក្នុងបន្ទប់ ។.jpg)
លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានរាយការណ៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទៅកាន់លោកស្រី ផេថងថាន រួមទាំងកំណត់វិធានការបន្ថែមសម្រាប់តទល់ជាមួយកម្ពុជា ដោយការពិភាក្សាគ្នានេះចំណាយពេលប្រមាណ ៤៥នាទី ។ ក្រោយបញ្ចប់ការពិភាក្សា លោកស្រី ផេថងថាន ពុំបានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានទេ ហើយក៏ឡើងជិះរថយន្តចាកចេញតែម្តង រីឯលោក ម៉ារីស សាងៀមផុង ក៏ឡើងជិះរថយន្តចាកចេញដូចគ្នា ។
បន្ទាប់មក នាវេលាម៉ោង៦និង៧នាទីល្ងាច លោកស្រី ផេថងថាន បានសរសេរក្នុងបណ្តាញសង្គម X ថា ថ្ងៃនេះ (ថ្ងៃទី២០ ខែមិថុនា) នាងខ្ញុំបានធ្វើដំណើរទៅផ្តល់កម្លាំងចិត្តកងទ័ពដែលបំពេញតួនាទីនៅព្រំដែន ដោយឃើញពីភាពរឹងមាំ និងការលះបង់របស់កងទ័ពគ្រប់រូបដែលរួមគ្នាបំពេញតួនាទីការពារអធិបតេយ្យជាតិ ។ ខ្ញុំដឹងថា វាជាភារកិច្ចលំបាកទាំងអាកាសធាតុ និងនៅឆ្ងាយពីក្រុមគ្រួសារ ប៉ុន្តែកងទ័ពគ្រប់រូបពុំចុះចាញ់ដើម្បីការពារទឹកដីថៃ និងរក្សាសន្តិសុខរបស់ពលរដ្ឋ ។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមអរគុណអស់ពីចិត្ត និងបញ្ជាក់ថា រដ្ឋាភិបាលពុំបោះបង់កងទ័ពគ្រប់រូប រដ្ឋាភិបាលនឹងគាំទ្រកងទ័ពដើម្បីឱ្យកងទ័ពបំពេញតួនាទីនៅជួរមុខ ៕










