រាជធានីភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលជាការបញ្ជាក់អំពីការចាប់ផ្ដើមនីតិវិធីផ្លូវការរវាងកម្ពុជា និងប្រព័ន្ធតុលាការICJ ក៏នៅមានពលរដ្ឋមួយចំនួនមិនទុកចិត្ត និងចង់ដឹងថាតើកម្ពុជាពិតជាបានប្ដឹ.ងទៅតុលាការអន្តរជាតិមែន ឬអត់នោះ ពេលនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមកពន្យល់ដូចខាងក្រោម៖

ទាក់ទងទៅនឹងសំណួររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចោ.ទសួររាជរដ្ឋាភិបាលថា «ហេតុអ្វីបានជាដាក់ពាក្យបណ្ដឹងរួច មិនបង្ហាញពីបង្កាន់ដៃ ឬមិនថតរូបពេលប្រគល់ពាក្យបណ្ដឹងទៅដល់ដៃក្រឡាបញ្ជីដូច្នេះ?» «ម្ដេចមានតែរូបថតឈរកាន់លិខិតតែពីរសន្លឹក?» និងខ្លះទៀតថែមទាំងសង្ស័យថា ប្រហែលជារដ្ឋាភិបាលមិនបានប្ដឹ.ងផងមើលទៅនោះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបកស្រាយថា ៖ រាល់ដំណើរការនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាការសម្ងាត់ដែលយើងត្រូវតែគោរព។ យើងមិនអាចទៅថតរូបយកមកបង្ហោះ ឬយកលិខិតបង្កាន់ដៃដែលគេបានប្រគល់មកទៅបង្ហាញជាសាធារណៈបាននោះទេ។

លោក ប៉ែន បូណា បានបញ្ជាក់ថា ៖ នេះគឺជាគោលការណ៍របស់តុលាការ ហើយដាច់ខាតយើងត្រូវតែគោរពតាម ព្រោះយើងទើបតែចាប់ផ្ដើមដំណើរការនីតិវិធីប៉ុណ្ណោះ ហើយនីតិវិធីនេះនឹងមានដំណើរការជាបន្តបន្ទាប់ទៀតដែលកម្ពុជាត្រូវសហការជាមួយតុលាការ។ លើសពីនេះ ពីមួយដំណាក់កាលទៅមួយដំណាក់កាល រាជរដ្ឋាភិបាលនឹងផ្ដល់ដំណឹងជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាប។ 
លោកបានគូសបញ្ជាក់ថា ៖ នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបើកកិច្ចពិភាក្សាមួយ ដើម្បីជជែកអំពីការបន្តនីតិវិធីជាមួយតុលាការ។ ដូច្នេះសូមបងប្អូនរង់ចាំតាមដាន ហើយរដ្ឋាភិបាលនឹងផ្ដល់ព័ត៌មានតាមវិវឌ្ឍនភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតឲ្យបានជ្រាបទាំងអស់គ្នា ព្រោះនេះជារឿងជាតិមិនមានការលាក់លៀមទេ។
.jpg)
ជាថ្មីម្ដងទៀត លោកប៉ែន បូណា បានបញ្ជាក់ថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមដោះស្រាយបញ្ហានេះ ដោយបោះជំហានទៅមុខមិនត្រឡប់ក្រោយនោះទេ ក្នុងការលើករឿងព្រំដែនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះកម្ពុជាបានដោះស្រាយបញ្ហានេះតាមរយៈយន្តការទ្វេភាគីជាច្រើនដងមកហើយ និងមិនចង់ឲ្យទំនាស់នេះនៅអូសបន្លាយតទៅមុខវែងឆ្ងាយដល់កូនចៅជំនាន់ក្រោយនោះទេ៕









