រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាន៌ថាការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរ។
នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា ការសាងសង់ប្រាសាទ Siha Nakhon ឬមានន័យថា សីហនគរ នៅក្នុងប្រទេសថៃនេះ ធ្លាប់ទទួលរងនូវមតិប្រតិកម្ម និងរិះគន់ថាបានចម្លងគំរូតាមប្លង់របស់ប្រាសាទអង្គរវត្តរបស់កម្ពុជា តាំងពីទើបចាប់ផ្ដើមដំបូងមកម្ល៉េះ។ ប៉ុន្តែបើយោងតាមសង្ឃដីការរបស់ព្រះសង្ឃមួយអង្គ ដែលគង់នៅវត្ត Phu Man Fah ជាទីតាំងសាងសង់ប្រាសាទខាងលើនេះបានបញ្ជាក់ថា ៖ ការសង់សាងប្រាសាទនេះ គឺកើតចេញពីការនិមិត្ត និងការស្រមើស្រមៃ ដែលបានមើលឃើញ ចងចាំ ហើយនិងគូរទុកប៉ុណ្ណោះ។
ទោះជាមានការបកស្រាយបែបនេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា សំណង់ប្រាសាទសីហនគរនេះមានកំពូលបី ក្បាច់ផ្ដែរ និងខ្លោងទ្វារ ព្រមទាំងសំណង់ប្រាសាទបន្ថែមជុំវិញមួយចំនួនមានភាពស្រដៀងគ្នាជាច្រើន បើធៀបប្រាសាទនេះទៅនឹងប្រាសាទអង្គរវត្ត ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា។ 
កន្លងមក បណ្ឌិត ស៊ុ ម៉ាប់ អ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បញ្ជាក់រួចមកហើយថា ៖ ក្រសួងពុំបានព្រងើយកន្តើយនឹងរឿងនេះទេ យើងធ្លាប់បញ្ជូនអ្នកជំនាញទៅដល់ទីតាំងផ្ទាល់ដើម្បីពិនិត្យមើលការសាងសង់ ប៉ុន្តែក្នុងរូបភាពជាការស្រាវជ្រាវ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់មិត្តភាព។ ក្រោយការពិនិត្យមើលវាមានចំណុចច្រើនដែលយើងពិបាកក្នុងការចោ.ទថាគេចម្លងយើងណាស់ ព្រោះប្រាសាទបុរាណខ្មែរលើទឹកដីថៃបច្ចុប្បន្នមួយចំនួនក៏មានលក្ខណៈស្រដៀងគ្នា នឹងប្រាសាទនៅកម្ពុជាដែរ។ ជួនកាលគេឆ្លើយថា គេយកតាមគំរូប្រាសាទនគរភ្នំនៅប្រទេសគេ ក៏យើងមិនអាចចោ.ទគេបានដែរ។

តែទោះជាណា អ្នកនាំពាក្យក្រសួងក៏បានអះអាងផងដែរថា ក្រុមបច្ចេកទេសកម្ពុជានឹងនៅតែអង្កេតមើលលើចរឹកលក្ខណៈនៃការសាងសង់នោះបន្តទៀតថាពិតជាចម្លងពីអង្គរវត្តយើងមែន ឬអត់? ហើយប្រសិនបើរកឃើញភស្តុតាងគ្រប់គ្រាន់ថាពិតជាចម្លងមែននោះ ក្រសួងនឹងដំណើរការផ្លូវច្បាប់រួមមាន ច្បាប់គ្រប់គ្រងបេតិកភណ្ឌពិភពលោក ក៏ដូចជាយន្តការអន្តរជាតិ ដើម្បីឲ្យអង្កការយូណេស្កូចាត់វិធានការលើសំណង់នោះ៕










