ថៃ ៖ ក្រោយទទួលបានការបញ្ជាក់ពីខាងកម្ពុជាថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីថៃ និងសម្ដេចតេជោ ហ៊ុន សែន ថាជាការពិត ពេលនេះប្រជាជនថៃបានបង្ហាញពីការខកចិត្ត និងអស់ជំនឿលើរដ្ឋាភិបាលរបស់ខ្លួន ហើយកាន់តែខឹ.ងសម្បារថែមទៀត ដែលនាយករដ្ឋមន្រ្តីខ្លួនបានហៅមេទ័ពភូមិភាគទីពីរថៃ ថាជាជនស្ថិតនៅខាងក្រុមប្រឆាំងរដ្ឋាភិបាល។
យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ PPTV HD36 នារសៀលថ្ងៃពុធ ទី១៨ មិថុនា នេះបានឲ្យដឹងថា ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានថ្លែងក្នុងសន្និសីតសារព័ត៌មានជុំវិញការបែ.កធ្លាយនូវកិច្ចសន្ទនាជាជាមួយសម្ដេចតេជោ ហ៊ុន សែន ថា ៖ នេះគឺជាឃ្លីបពិត ចាប់ពីពេលនេះតទៅ លោកស្រីនឹងមិនមានការសន្ទនាជាលក្ខណៈឯកជន (Private) ទៀតហើយ។
ជាងនេះទៅទៀត លោកស្រី Paetongtarn បានបកស្រាយថា ៖ កាលដែលនិយាយថាមេទ័ពភូមិភាគទីពីររបស់ថៃថាជាក្រុមពួកប្រឆាំងរដ្ឋាភិបាល ចង់បានមុខមាត់ ប្រាប់ទៅកាន់សម្ដេច ហ៊ុន សែន នោះគឺជាបច្ចេកទេសក្នុងការចរចាប៉ុណ្ណោះ ពុំមែនជាចេតនាចង់ឲ្យមានការបែកបា.ក់ផ្ទៃក្នុងឡើយ។ លោកស្រីបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលថៃ និងផ្នែកកម្លាំងយោធាថៃគ្មានការបែកបាក់គ្នានោះទេ ព្រោះរាល់កិច្ចការទាក់ទងនឹងព្រំដែនទាំងអស់ លោកស្រីតែងតែផ្លាស់ប្ដូរយោបល់ជាមួយយោធាជាមុន។ នេះបើយោងបើយោងតាមសារព័ត៌មានថៃ។
ដោយឡែក បើមើលទៅផ្នែកមតិយោបល់គេសង្កេតឃើញថា មានការមិនពេញចិត្តលើទង្វើររបស់នាយករដ្ឋមន្រ្តីរូបនេះពីសំណាក់ប្រជាជនថៃជាច្រើន។ ពួកគេភាគច្រើនបានចោ.ទប្រកាន់នាយករដ្ឋមន្រ្តីខ្លួនថា «គ្មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស» ខណៈដែលអ្នកខ្លះទៀតបានលើកឡើងថា «ចោ.ទមេទ័ពភូមិភាគពីររបស់យើងថាប្រឆាំងរដ្ឋាភិបាល តែអ្នកជានាយករដ្ឋមន្រ្តីថៃបេះដូងខ្មែរ» និងមនុស្សជាច្រើនទៀតបានស្នើសុំឲ្យលោកស្រី Paetongtarn ធ្វើការលារលែងពីតំណែងមុនពេលប្រទេសថៃត្រូវបាត់បង់ទឹកដីទៅឲ្យបរទេស។
យ៉ាងណាមិញ បញ្ហានេះបានបង្កើនសម្ពាធថ្មីមួយបន្ថែមទៀតទៅកាន់នាយករដ្ឋមន្រ្តីថៃ។ ប៉ុន្តែទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីស្រីថៃរូបនេះនៅតែអះអាងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតថា ៖ ការរិះគន់ទៅលើយោធាថៃ គឺគ្រាន់តែជាបច្ចេកទេសក្នុងការចរចាប៉ុណ្ណោះ ហើយរដ្ឋាភិបាលថៃនៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងយន្តការឡើងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជាដដែល ហើយនឹងមិនព្រមតាមការទាមទាររបស់កម្ពុជាដោយងាយៗឡើយ៕










