ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសអាសន្នទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរពីគ្រោះថ្នា.ក់ ក្រោយពីភ្នំភ្លើង Lewotobi ស្ថិតនៅប្រជុំកោះស៊ុនដាណយ បានផ្ទុះយ៉ាងខ្លាំងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ចេញផ្សែងផេះឡើងលើអាកាសរហូតដល់១១គីឡូម៉ែត្រ ។

ការិយាល័យស្រាវជ្រាវភូមិសាស្ត្រឥណ្ឌូណេស៊ីបានប្រកាសអាសន្នកម្រិតខ្ពស់បំផុតពីការផ្ទុះរបស់ភ្នំភ្លើង Lewotobi រួមទាំងដាស់តឿនពលរដ្ឋកុំឱ្យចូលក្បែរបរិវេណភ្នំភ្លើងនេះដាច់ខាត ក្នុងចម្ងាយយ៉ាងហោចណាស់៧គីឡូម៉ែត្រ ។
.png)
រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា នៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬពលរដ្ឋរងរបួសទេ ប៉ុន្តែអាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីភូមិមួយដោយសារមានកម្លាំងរំញ័រកើតឡើងជាបន្តបន្ទាប់ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីសំណូមពរឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីការពារសុខភាពក្រោយពីកំទេចភ្នំភ្លើងបានធ្លាក់មកលើភូមិផ្សេងៗផងដែរ ។.png)
ភ្នំភ្លើង Lewotobi គឺជាភ្នំភ្លើងភ្លោះស្ថិតនៅទិសអាគ្នេយ៍នៃកោះហ្វ័រេជាផ្នែកមួយនៃប្រជុំកោះស៊ុនដាណយ និងជាផ្នែកមួយរបស់ខេត្តនូសាតឺងការ៉ា ។ ភ្នំភ្លើងនេះបានផ្ទុះយ៉ាងខ្លាំងម្តងទៀតកាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា កន្លងមក បណ្តាលឱ្យមានផ្សែងផេះហុយឡើងលើរហូតដល់១១គីឡូម៉ែត្រ ។ ភ្នំភ្លើងនេះមានកម្ពស់១,៥៨៤ម៉ែត្រ ធ្លាប់ផ្ទុះខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លាប់ចំនួន៩នាក់ ក្រោយមក វាក៏ផ្ទុះជាបន្តបន្ទាប់ ។
បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានភ្នំភ្លើងប្រមាណ១៣០ ហើយភ្នំភ្លើងភាគច្រើនជាភ្នំភ្លើងសកម្ម រួមទាំងភ្នំភ្លើងម៉ារ៉ាពី ។ ឥណ្ឌូណេស៊ីមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ទើបប្រទេសនេះប្រឈមនឹងការបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់ ៕










