Google ប្រឈមនឹងបាត់បង់ចំនួនអ្នកប្រើប្រាស់ និងខាតប្រាក់ចំណូលយ៉ាងច្រើនមហាសាល ក្រោយពីអ្នកប្រើប្រាស់ជាច្រើននាក់លើពិភពលោកចាប់ផ្តើមស្រាវជ្រាវរកចម្លើយក្នុងកម្មវិធី ChatGPT ជំនួស Google ។ បច្ចុប្បន្ន បរិមាណអ្នកប្រើប្រាស់ដែលស្វែងរកទិន្នន័យក្នុង Google Search បានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែកម្មវិធី ChatGPT បានក្លាយជាជម្រើសដ៏ពេញនិយមក្នុងការរកទិន្នន័យ ។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ការពេញនិយមប្រើប្រាស់កម្មវិធី ChatGPT កាន់តែខ្លាំងធ្វើឱ្យគេហទំព័រជាច្រើននៅលើពិភពលោកបាត់បង់ចំនួនអ្នកប្រើប្រាស់ បាត់បង់ប្រាក់ចំណូល ហើយការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗបានធ្លាក់ចុះខ្លាំង រហូតដល់គេហទំព័រមួយចំនួនរងផលប៉ះពាល់ត្រូវកាត់បន្ថយបុគ្គលិក ។

យោងតាមរបាយការណ៍របស់ Wccftech បង្ហាញថា នៅខែមិថុនា ឆ្នាំ២០២៥នេះ កម្មវិធី AI បានជួយឱ្យអ្នកប្រើប្រាស់អាចស្វែងរកចម្លើយសង្ខេបយ៉ាងឆាប់រហ័ស ដោយពុំចាំបាច់ចុចមើលគេហទំព័រផ្សេងៗដូចពេលមុនទេ ។ កម្មវិធី AI ទាំងនេះបានបង្ហាញចម្លើយភ្លាមទៅអ្នកប្រើប្រាស់ ហើយវាកាន់តែធ្វើឱ្យការចូលមើលគេហទំព័រផ្សេងៗធ្លាក់ចុះខ្លាំងឡើង ។

គេហទំព័ររងផលប៉ះពាល់ខ្លាំងបំផុតរួមមាន ៖ គេហទំព័រទេសចរណ៍, គេហទំព័រព័ត៌មាន និងផ្តល់ចំណេះដឹង ដែលគេហទំព័រទាំងនេះបានពឹងផ្អែកលើក្រាហ្វិករបស់ Google ជាច្រើនឆ្នាំមកហើយ ។ ពេលអ្នកប្រើប្រាស់ងាកមកស្វែងរកចម្លើយក្នុងកម្មវិធី ChatGPT វាធ្វើឱ្យប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មធ្លាក់ចុះផងដែរ ។

នាថ្ងៃអនាគត កម្មវិធីអ៊ីនធើរណេតដែលមនុស្សទូទាំងពិភពលោកធ្លាប់ប្រើប្រាស់អស់រយៈពេលជាង១០ឆ្នាំ ដូចជា Google អាចនឹងបាត់បង់ក៏ថាបាន ដោយសារការចូលមកនូវបច្ចេកវិទ្យាថ្មីៗកាន់តែទំនើប និងឆាប់រហ័ស ។

គួរបញ្ជាក់ថា ChatGPT គឺជា Chatbot ដ៏ឆ្លាតវៃ និងជាកម្មវិធីកុំព្យូទ័រដំណើរការដោយការប្រើប្រាស់បច្ចេកវិទ្យា AI ។ រីឯពាក្យថា ChatGPT គឺជាពាក្យកាត់របស់ពាក្យ Chat Generative Pre-trained Transformer ដែលបង្ហាញពីសមត្ថភាពក្នុងការបង្កើតខ្លឹមសារថ្មីពីការរៀនសូត្រ និងវិភាគទិន្នន័យ ។.png)
ChatGPT ត្រូវបានបង្កើតឡើងដោយ OpenAI គឺជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា AI ឈានមុខលើពិភពលោក ។ OpenAI បានដាក់ឱ្យប្រើប្រាស់កម្មវិធីនេះលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០២២ បច្ចុប្បន្ន កម្មវិធីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយលើពិភពលោកយ៉ាងឆាប់រហ័សក្នុងរយៈពេលមិនដល់២ឆ្នាំ ៕









