រាជធានីភ្នំពេញ ៖ ផ្លូវថ្មើជើងថ្មីនៅមាត់ទន្លេ ឬហៅថា Walk Street នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានប្រសិទ្ធនាមថាជា «ផ្លូវថ្មើរជើងចតុមុខ» នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
.jpg)
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវថ្មើរជើងចតុមុខ» នឹងត្រូវបានប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គួរជម្រាបផងដែរថា ដើម្បីឱ្យពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមផ្លូវថ្មើរជើងចតុមុខខាងលើប្រព្រឹត្តទៅ ដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន នៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ 
ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលមានបំណងដើរលេងកម្សាន្ត នៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ នៅតែអាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា៕










