ប្រទេសថៃ ៖ លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា ថៃនឹងពុំព្រមបាត់បង់ទឹកដីសូម្បីតែបន្តិច បញ្ហាព្រំដែនកម្ពុជា-ថៃ គឺថៃប្រកាន់យកការចរចាទ្វេភាគីតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា ដើម្បីមានភាពច្បាស់លាស់លើខ្សែបន្ទាត់ព្រំដែន ។ ថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១១ ខែមិថុនា កន្លងមក នៅក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីការចរចារវាងប្រទេសកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ថា លោកបានកំណត់គោលនយោបាយសំខាន់ៗចំនួន៣ចំណុច រួមមាន ៖

១-ថៃចង់ឱ្យមន្ត្រីតំណាងចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ភាគីថៃបញ្ជាក់ទៅកាន់កម្ពុជាថា ថៃបានដោះស្រាយបញ្ហានៅតំបន់ព្រំដែនដោយមានការចរចារវាងកងទ័ពដើម្បីកាត់បន្ថយការប្រឈមមុខគ្នាទាំងសងខាងមួយកម្រិត ហើយថៃចង់ឃើញតំបន់ព្រំដែនអាចរួមរស់ជាមួយគ្នាយ៉ាងមានសន្តិភាពជារៀងរហូត ។

២-ថៃចង់ឱ្យការចរចាគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ នេះមានភាពច្បាស់លាស់លើខ្សែបន្ទាត់ព្រំដែនដើម្បីឱ្យភាគីទាំងពីរយល់ច្បាស់រួមគ្នា និងឈានទៅរកការដោះស្រាយបញ្ហាព្រំដែនយូរអង្វែង ។

៣-ស្នើឱ្យប្រធានកិច្ចប្រជុំ JBC បញ្ជាក់ពីអធិបតេយ្យភាពរបស់ប្រទេស និងពុំព្រមឱ្យថៃបាត់បង់ទឹកដីសូម្បីតែបន្តិច ។ ក្នុងយន្តការចរចា ប្រទេសថៃពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ។ យើងពុំទទួលស្គាល់អំណាចនេះដាច់ខាត ដោយនឹងប្រើប្រាស់ក្របខ័ណ្ឌពិភាក្សាប្រកបដោយប្រសិទ្ធភាព និងសមស្របបំផុត ។

លោក ម៉ារីស សាងៀមផុង បន្តថា តាំងពីមានបញ្ហាមក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យក្រសួងការបរទេសសហការជាមួយកម្ពុជា ហើយ ក្រសួងការពារជាតិ និងក្រសួងការបរទេសបានបង្ហាញគោលជំហររួមគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែន ។ សូមឱ្យពលរដ្ឋមានទំនុកចិត្តថា កងទ័ពថៃអាចគ្រប់គ្រងតំបន់ព្រំដែន ។

ចំណែកកម្ពុជាដែលប្រកាន់យកគោលជំហរដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ ) គឺលោក ម៉ារីស សាងៀមផុង យល់ថា ការដោះស្រាយបញ្ហារវាងប្រទេសពីរ សូម្បីតែនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក៏ដោយ គឺនឹងធ្វើតាមយន្តការមានប្រសិទ្ធភាពសម្រាប់ការចរចាដោះស្រាយ រួមមាន ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនតំបន់ (RBC) មិនមែនដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិទេ ៕