រាជធានីភ្នំពេញ ៖ គិតចាប់ពីម៉ោង ១២:០០ នាទីយប់ថ្ងៃព្រហស្បត្តិ ទី១២ មិថុនា តទៅកម្ពុជានឹង បញ្ឈប់ការចាក់ខ្សែភាពយន្តថៃគ្រប់ប្រភេទនៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ទូទាំងប្រទេស។ នេះបើ តាមសេចក្តីជូនដំណឹងរបស់ «ក្រសួងព័ត៌មាន»។
នាយប់ថ្ងៃទី១២ ខែមិថុនា ក្រសួងព័ត៌មានបានធ្វើការជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរឲ្យដឹងថា ការប្រកាសនេះគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការគំរាមកំហែងមកលើកម្ពុជាថា នឹងកាត់ភ្លើង កាត់អ៊ីនធឺណិត ពីក្រុមជ្រុលនិយមថៃ។ ដើម្បីជាការឆ្លើយតប សម្ដេចតេជោបានជម្រាបជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។
សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕










