ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយកើតបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងកងទ័ពថៃផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនឃើញថា ការលក់ដូរទំនិញក្នុងផ្សារឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ មានភាពស្ងប់ស្ងាត់ខ្លាំង ។ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរលែងមកទិញទំនិញដូចមុន ដែលធ្វើឱ្យអាជីវករថៃបារម្ភពីស្ថានការណ៍កើតឡើងធ្វើឱ្យបាត់បង់ចំណូល ។ រីឯអាជីវករខ្មែរលក់ដូរទំនិញនៅផ្សារឆងចមបានបិទទ្វារតូប និងប្រមូលរបស់របរត្រឡប់មកកម្ពុជារង់ចាំឱ្យស្ថានការណ៍ធូរស្រាល ។

ទោះជាផ្សារឆងចមមានសភាពស្ងប់ស្ងាត់ក្តី ប៉ុន្តែអាជីវករថៃភាគច្រើននៅតែបើកតូបលក់ដូរធម្មតា ដោយរំពឹងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃនឹងចរចាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។ អាជីវករថៃត្អូញត្អែរពីប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកាលពីថ្ងៃទី៧ ខែមិថុនា កន្លងមក មេបញ្ជាការកងទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាគក្លាង បានបញ្ជាឱ្យកងទ័ពគ្រប់គ្រងការបើក-បិទទ្វារច្រកព្រំដែនទាំងអស់ជាប់កម្ពុជាដើម្បីសុវត្ថិភាពពលរដ្ឋថៃ ។
អាជីវករថៃ អ្នកស្រី វ៉ាន់ឌី អាយុ៦២ឆ្នាំ និយាយថា ការលក់ដូរទំនិញស្ងាត់ខ្លាំងណាស់ មិនដឹងលក់ដូរឱ្យអ្នកណាទេ ។ អ្នកស្រីចង់ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឡើងវិញ និងជាប្រទេសជិតខាងល្អ ពីព្រោះពេលកើតបញ្ហា ពលរដ្ឋថៃពិបាកប្រកបមុខរបរ ហើយពុំដឹងជម្លៀសទៅណាបើមានសង្គ្រាម ។ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃធ្វើឱ្យផ្សារឆងចមមានភាពស្ងប់ស្ងាត់ ។

ចំណែកច្រកព្រំដែនអូរស្មាច់-ឆងចម (នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ) ដែលស្ថិតនៅឆ្ងាយពីផ្សារឆងចមប្រមាណ៣គីឡូម៉ែត្រ គឺមានពលរដ្ឋខ្មែរ-ថៃធ្វើដំណើរឆ្លងកាត់ព្រំដែនជាហូរហែ ប៉ុន្តែចំនួនពលរដ្ឋខ្មែរដែលឆ្លងដែនតាមច្រកអូរស្មាច់បានធ្លាក់ចុះជាងពាក់កណ្តាល ។
ភាគីថៃបានសម្រេចជាឯកតោភាគីឱ្យដំណើរការច្រកព្រំដែនអូរស្មាច់-ឆងចម តែ៣ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ គឺថ្ងៃច័ន្ទ ពុធ និងសុក្រ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ខណៈកាលពីមុន ច្រកនេះបើកជារៀងរាល់ថ្ងៃ និងបិទនៅម៉ោង១០យប់ ។
គួរបញ្ជាក់ថា ច្រកអូរស្មាច់-ឆងចមអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃឆ្លងដែន ដោយប្រើប្រាស់លិខិតឆ្លងដែន (Passport) និងប័ណ្ណព្រំដែន (Border Pass) ប៉ុណ្ណោះ ដោយថៃរឹតបន្តឹងការដឹកទំនិញចេញ-ចូល រួមទាំងចាត់វិធានការផ្នែកថាមពលផ្អាកការបញ្ជូនអគ្គិសនីទៅកម្ពុជា ករណីកម្ពុជាបង្កើនកម្លាំងកងទ័ព ដែលថៃចាត់ទុកថាប៉ះពាល់សុវត្ថិភាពពលរដ្ឋខ្លួន ៕










