ប្រទេសចិន ៖ ក្រសួងការបរទេសចិនប្រកាសផ្តល់ទិដ្ឋាការអាស៊ានដល់សមាជិកអាស៊ាន១០ប្រទេស រួមមាន ៖ កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងតំបន់ ។ បុគ្គលដែលធ្វើដំណើរសម្រាប់ប្រកបអាជីវកម្មនឹងទទួលបានទិដ្ឋាការអាស៊ាន ដោយមានសិទ្ធិចូលប្រទេសចិនច្រើនលើកក្នុងរយៈពេល៥ឆ្នាំ ហើយអាចយកស្វាមី-ភរិយា និងកូនមកស្នាក់នៅចិនរហូតដល់១៨០ថ្ងៃ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា កិច្ចសហការរវាងចិនជាមួយបណ្តាប្រទេសអាស៊ាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះល្អប្រសើរយ៉ាងខ្លាំង ទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងពលរដ្ឋ ។ ហេតុនេះ ចិននឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរក្នុងតំបន់អាស៊ាន ។
ក្រៅពីនេះ ប្រទេសចិននឹងលើកលែងទិដ្ឋាការដល់ពលរដ្ឋរស់នៅប្រទេសអាមេរិកឡាទីនផងដែរ ដូចជា ៖ ពលរដ្ឋប្រេស៊ីល អាហ្សង់ទីន និងឈីលី ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ ។ ដូច្នេះ ធ្វើឱ្យចំនួនប្រទេសដែលទទួលបានសិទ្ធិធ្វើដំណើរមកចិនដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ កើនឡើងរហូតដល់៤៣ប្រទេស ។
លោក Lin បន្តថា ការផ្តល់ទិដ្ឋាការអាស៊ានជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការបើកប្រទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោកបើកចំហ ។ នៅត្រីមាសទី១ ឆ្នាំ២០២៥ ចិនបានទទួលស្វាគមន៍ជនបរទេសជាង៩លាននាក់ និងមានក្រុមហ៊ុនអន្តរជាតិថ្មីៗចូលមកវិនិយោគនៅចិន ស្មើជាង១ម៉ឺន៨ពាន់ក្រុមហ៊ុន កើនឡើងជាង១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។
ចិន និងបណ្តាប្រទេសអាស៊ានបានផ្លាស់ប្តូរអ្នកជំនាញជាញឹកញាប់ ហើយយើងនឹងជំរុញការផ្លាស់ប្តូរអ្នកជំនាញបន្ថែមទៀត ដែលនេះជាគោលបំណងរួមគ្នារវាងចិន និងបណ្តាប្រទេសអាស៊ាន ។ ចិនរំពឹងថា ការផ្តល់ទិដ្ឋាការអាស៊ាននឹងក្លាយជាជំហ៊ានមួយទៀតឆ្ពោះទៅរកការជំរុញកសាងសហគមន៍ចិន-អាស៊ាន ដែលផ្តោតលើការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព សន្តិសុខ និងមិត្តភាព ។ នេះបើតាមការលើកឡើងរបស់លោក Lin ៕










