អតីតស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច បានបបួលតារាចម្រៀង ជី ដេវីត ចេញបទចម្រៀងរួមគ្នាដោយជឿថាអាចនឹងល្បីល្បាញដោយប្រជាជនទាំងពីរប្រទេសសរុបទៅ៧០លាននាក់ដែរ។ លើសពីនេះកីឡាករប្រដាល់រូបនេះបានបង្ហាញថាលោកពិតជាស្រលាញ់បទចម្រៀង ជី ដេវីត ណាស់ពីព្រោះបទមួយៗពីរោះកប់។
នៅល្ងាចថ្ងៃទី១៦ ខែកក្កដា កីឡាករប្រដាល់ ដាវ លីឌុច បានបង្ហោះរូបមួយសន្លឹកជាមួយនឹងតារាចម្រៀង ជី ដេវីត ដោយអ្នកទាំងពីរបានលើកដៃបញ្ចេញក្បាច់គុនដាក់គ្នា។ នៅក្នុងការរៀបរាប់របស់កីឡាករប្រដាល់នេះបង្ហាញថាលោកបានប្រាប់ ជី ដេវីត ថាតារាចម្រៀងរូបនេះអាចធ្វើជាអ្នកប្រដាល់គុនខ្មែរបានដូចគ្នាដោយសារតែមានកម្ពស់ និងដៃវែងដូចជាលោក។ 
លោក ដាវ លីឌុច បានបង្ហាញថាខ្លួនសប្បាយចិត្តដែល ជី ដេវីតបង្កើតបទចម្រៀងពីរោះកប់ៗព្រោះលោកពិតជាស្រលាញ់ចម្រៀងរបស់ ជី ដេវីត ណាស់ហើយលោកពិតជាសប្បាយចិត្តណាស់ដែលបានជួបតារាចម្រៀងរូបនេះ។ លើសពីនេះទៅទៀតស្តេចប្រដាល់រូបនេះថែមទាំងបបួល ជី ដេវីត ចេញបទចម្រៀងរួមគ្នាទៀតផង បើសិនជាបទនោះចេញអាចនឹងល្បីល្បាញខ្លាំងដោយសារតែប្រជាជនកម្ពុជានិងប្រជាជនមីយ៉ាន់ម៉ាបូកចូលគ្នាទៅគឺ៧០លាននាក់ដែរ។
ការបង្ហោះរបស់ ដាវ លីឌុច បានទាក់ទាញចំណាប់អ្នកគាំទ្រជាច្រើនដោយមនុស្សមួយចំនួនបានគាំទ្រចំពោះការលើកឡើងនេះដោយចង់ឃើញការសហការរវាងកីឡាករប្រដាល់រូបនេះនិង ជី ដេវីត។

គួរឱ្យដឹងថា ដាវ លីឌុច បានមករស់នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ ដោយសារតែគិតថាខ្មែរមានសុវត្ថិភាពខ្លាំងក្នុងការរស់នៅ។ ក្នុងសកម្មភាពកន្លងមកនេះគេបានឃើញលោកចូលរួមផ្សព្វផ្សាយលើកស្ទួយប្រដាល់គុនខ្មែរផងដែរ៕










