វិទ្យាស្ថានសេវាកម្មបរទេសនៃក្រសួងការបរទេសអាមេរិក (Foreign Service Institute – FSI) បានចាត់ចំណាត់ថ្នាក់ភាសាពិបាកបំផុតនៅលើពិភពលោក ដោយបែងចែកជា៤ប្រភេទ ចាប់ពីលេខ១ (ភាសាងាយស្រួលបំផុត) រហូតដល់លេខ៤ (ភាសាពិបាកបំផុត) ក្នុងនោះភាសាខ្មែរ និងភាសារបស់បណ្តាប្រទេសអាស៊ាន ក៏ជាប់ចំណាត់ថ្នាក់ជាភាសាពិបាកបំផុតលើពិភពលោកផងដែរ ។

វិទ្យាស្ថាន FSI បញ្ជាក់ថា ការរៀនភាសាបរទេស គឺត្រូវចំណាយពេលវេលា និងការព្យាយាមយ៉ាងខ្លាំង ក្នុងនោះភាសាខ្លះអាចរៀននិយាយ ឬស្តាប់បានយ៉ាងស្ទាត់ជំនាញ ដោយចំណាយពេល១ឆ្នាំ សម្រាប់អ្នកនិយាយភាសាអង់គ្លេសជាផ្លូវការ ។

ភាសាពិបាកបំផុតលើពិភពលោក ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ គឺអ្នកនិយាយភាសាអង់គ្លេស ត្រូវចំណាយពេលប្រមាណ ៨៨សប្តាហ៍ ឬស្មើ២,២០០ម៉ោង ទើបអាចទំនាក់ទំនងគ្នាយ៉ាងស្ទាត់ជំនាញ ។ ភាសាពិបាកបំផុតទី៤ រួមមាន ៖ ភាសាអារ៉ាប់, ភាសាចិន, ភាសាជប៉ុន និងភាសាកូរ៉េ ។
ភាសាពិបាកបំផុតលើពិភពលោក ចំណាត់ថ្នាក់ទី៣ គឺមានប្រមាណ ៥០ភាសា ដោយអ្នករៀនត្រូវចំណាយពេល ៤៤សប្តាហ៍ ឬស្មើ១,១០០ម៉ោង ដើម្បីយល់ពីភាសា និងទំនាក់ទំនងគ្នា ។ ភាសាពិបាកបំផុតទី៣ រួមមាន ៖ ភាសារុស្ស៊ី, ភាសាខ្មែរ, ភាសាថៃ, ភាសាឆេក, ភាសាវៀតណាម និងភាសាជាច្រើនទៀត ។ ទោះជាភាសាវៀតណាមពិបាកទាំងវេយ្យករណ៍ និងបញ្ចេញសំឡេង ប៉ុន្តែ FSI បានចាត់ចំណាត់ថ្នាក់ជាភាសាវៀតណាម ក្នុងចំណាត់ថ្នាក់ទី៣ ប៉ុណ្ណោះ ដែលមិនងាយស្រួលពេក និងមិនពិបាកពេក ។
FSI បញ្ជាក់ថា កម្រិតការរៀនភាសារបស់មនុស្សម្នាក់ៗ គឺខុសគ្នាអាស្រ័យលើកត្តាផ្សេងៗ រួមមាន ៖ សមត្ថភាពផ្ទាល់ខ្លួន, បទពិសោធន៍ផ្នែកភាសាធ្លាប់ប្រើប្រាស់កន្លងមក និងការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដូចជា ៖ រៀនជាប្រចាំ ឬរៀនតាមពេលវេលា ឬរៀនប៉ុន្មានម៉ោងក្នុង១ថ្ងៃ ។ ការរៀនភាសានីមួយៗអាស្រ័យលើមូលដ្ឋានគ្រឹះរបស់អ្នករៀន គឺសម្រាប់អ្នកនិយាយភាសាអង់គ្លេសពីកំណើត អាចពិបាករៀនភាសាអ៊ីតាលី ប៉ុន្តែសម្រាប់អ្នកនិយាយភាសាអេស្ប៉ាញមានភាពងាយស្រួលក្នុងការរៀនភាសាអ៊ីតាលី ពីព្រោះភាសាអ៊ីតាលី និងអេស្ប៉ាញ ស្ថិតក្នុងក្រុមភាសា Romance ។
.png)
មនុស្សមួយចំនួនពិបាករៀនភាសាវៀតណាម ខណៈមនុស្សខ្លះទៀតងាយស្រួលរៀនភាសាវៀតណាម ។ រីឯភាសាចិន ទោះជាមានវេយ្យករណ៍ពុំស្មុគស្មាញដូចភាសាជាច្រើននៅអឺរ៉ុប ប៉ុន្តែដោយសារអក្សរចិនពិបាកសរសេរ ទើបធ្វើឱ្យភាសាចិនក្លាយជាភាសាពិបាកបំផុតសម្រាប់អ្នករៀន ។

នេះជាចំណាត់ថ្នាក់ភាសាលំបាកបំផុតលើពិភពលោក ៖
*ចំណាត់ថ្នាក់លេខ១ (ភាសាងាយស្រួលបំផុត) ៖ ភាសាដាណឺម៉ាក, ហូឡង់, បារាំង, អ៊ីតាលី, ន័រវេស, ព័រទុយហ្គាល់, រ៉ូម៉ានី, អេស្ប៉ាញ និងស៊ុយអែត ។
*ចំណាត់ថ្នាក់លេខ២ ៖ ភាសាអាល្លឺម៉ង់, ក្រេអូល ហៃទី, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងស្វាហ៊ីលី ។
*ចំណាត់ថ្នាក់លេខ៣ ៖ ភាសាអាល់បានី, អាំហារិក, អាមេនី, អាស៊ែបៃហ្សង់, បង់ក្លាដែស, ប៊ុលហ្គារី, មីយ៉ាន់ម៉ា, ឆេក, ដារី (អាហ្វហ្គានីស្ថាន), អេស្តូនី, ពែរ្ស, ហ្វាំងឡង់, ហ្សកហ្ស៊ី, ក្រិក, ហ្គូចារ៉ាត, ហួសា, ហេប្រ៊ូ, ហិណ្ឌូ, ហុងគ្រី, អ៊ីស្លង់, កាហ្សាក់ស្ថាន, ខ្មែរ, ឃីដ, កៀហ្ស៊ីស៊ី, ឡាវ, ឡាតវី, លីទុយអានី, ម៉ាសេដូនៀ, ម៉ុងហ្គោលី, នេប៉ាល់, ប៉ូឡូញ, អ៊ុយក្រែន, រុស្ស៊ី, ស៊ែបូ-ក្រូអាត, វៀតណាម, ស្លូវេនី, ស្លូវ៉ាគី, សូម៉ាលី, តាកាឡុក (ហ្វីលីពីន), ថៃ, ទីបេ និងតួកគី ។
*ចំណាត់ថ្នាក់លេខ៤ (ភាសាពិបាកបំផុត) ៖ ភាសាអារ៉ាប់, ចិន (កណ្តាល និងកាតាំង), ជប៉ុន និងកូរ៉េ ៕










