Influencer ល្បីឈ្មោះប្រចាំប្រទេសលោក ហេង វិសាល និង ជា ស្រីនា ជាភរិយាបានធ្វើរឿងដ៏គួរឱ្យស្ងប់ស្ញែងដោយអ្នកទាំងពីរបានបរិច្ចាគទឹកប្រាក់រហូតដល់១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ការបរិច្ចាគនូវទឹកប្រាក់នេះគឺជូនទៅដល់មន្ទីរពេទ្យចំនួនពីរ និងថវិកាមួយផ្នែកទៀតទៅកាន់កងទ័ពដែលកំពុងការពារនៅព្រំដែនតាមរយៈលោក តាំង គីមឡេង។

នៅលើបណ្តញសង្គម Weyoung Cambodia ដែលជាក្រុមហ៊ុនរបស់អ្នកបង្កើតមាតិកា ហេង វិសាល និង ជា ស្រីនា បានប្រកាសថា «មុនបញ្ចប់កម្មវិធី Weyoung Launching Party ក៏នឹងបន្តចែករំលែកក្តីស្រឡាញ់មួយចុងក្រោយ ជាមួយកុមារកម្ពុជានិងបងៗ កងកំលាំងការពារព្រំដែនរបស់យើងដែរគឺ Weyoung នឹងបរិច្ចាកប្រាក់ចំនួន ១០០០០$។ ៨០០០$ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា និង២០០០$ជូនទៅកាន់បងៗកងកំលាំងរបស់យើងដែលកំពុងតែការពារនៅព្រំដែនតាមរយៈបង តាំង គឹមឡេង។ ពីក្រុមការងារនិង ភ្ញៀវ Weyoung សូមជូនពរប្អូនៗ បងៗកងកំលាំង និងប្រជាជនកម្ពុជាទាំងអស់ជួបតែសេចក្តីសុខ ជោគជ័យ រីករាយ និងមានសុភមង្គល »។
ជាមួយនឹងការប្រកាសខាងលើនេះ ហេង វិសាល និង ជា ស្រីនា ក៏បានបង្ហាញពីប្រតិបត្តិការផ្ទេរប្រាក់របស់ខ្លួនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាចំនួន៤០០០ដុល្លារ មន្ទីរពេទ្យកុមារអង្គរចំនួន៤០០០ដុល្លារ និង២០០០ដុល្លារទៀតទៅកាន់លោក តាំង គីមឡេង ដើម្បីជួយទៅដល់កងទ័ពកម្ពុជាដែលកំពុងបំពេញកាតព្វកិច្ចដោយសេចក្តីអង់អាចការពារទឹកដីកម្ពុជាពីសត្រូវឈ្លានពាន។

ទឹកចិត្តរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងទាំងពីររូបបានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ក្នុងនោះម្តាយ ជា ស្រីនា ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលឃើញកូននិង កូនប្រសារមានចិត្តសប្បុរសយ៉ាងនេះ។ ជារឿយៗ ហេង វិសាល និង ជា ស្រីនា តែងតែជួយបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជួយទ្រទ្រង់ទៅដល់កន្លែងខ្វះខាតរួមវត្តអារាមមួយចំនួនផងដែរ៕
		
	









