ខេត្តព្រះវិហារ ៖ ក្រោយមានការប៉ះទង្គិចគ្នារវាងគ្នាកងទ័ពកម្ពុជា និងថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរចំណុចមុំបី ចំនួន ១១៩គ្រួសារ បាននាំគ្នាចល័តពីទីលំនៅរបស់ខ្លួនទៅរកទីតាំងដែលមានសុវត្ថិភាព។
យោងតាមឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួង ការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១១៩គ្រួសារ បានលើកឡើងថា៖ «ដោយមានការភ័យខ្លាចព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាជននៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំគ្រួសារកូនចៅ ចាកចោលផ្ទះសំបែង ដីស្រែចម្ការ និងរបររកស៊ីរបស់ខ្លួន មកស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង។»

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំធំៗច្រើនរូប បានធ្វើការជាមួយភាគីមិត្ត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ហើយយើងអត់ធ្មត់ បញ្ចៀសការប្រឈមមុខដាក់គ្នា ធានារក្សាព្រំដែនសន្តិភាព។
ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានផ្សព្វផ្សាយពីលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំទ្វេភាគី រវាងកម្ពុជា.ថៃ កាលពីម្សិលមិញនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពឲ្យបានដឹងផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រៀមលក្ខណៈក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ដើម្បីចាប់ផ្តើមការងារបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងសហការឲ្យបានជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្ដោយព្រំដែន ដោយឈរលើគោលការណ៍សន្តិវិធី និងរក្សាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕










