នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចរវាងទាហានកម្ពុជា និងថៃ នៅព្រំដែនចុងបូក វេលាម៉ោង៥៖៤៥នាទីព្រឹកមិញ នេះបើយោងតាមសារព័ត៌មានថៃ ជាច្រើនបានចុះផ្សាយព្រោងព្រាត។
តំបន់នេះស្ថិតនៅក្នុងខេត្តប៊ុនរ័ត្នចាថានី ប្រទេសថៃ ដែលជាតំបន់ត្រួតស៊ីគ្នា ដោយមិនទាន់បានកំណត់ព្រំដែនជាផ្លូវការរវាងប្រទេសថៃ និងកម្ពុជា។
ការប៉ះទង្គិចគ្នានេះ បង្កឡើងដោយសារការយល់ច្រឡំថាមានការចល័តទ័ពទៅតំបន់ហាមឃាត់រវាងប្រទេសទាំងពីរ។
តែយ៉ាងណាមិញ ការប៉ះទង្គិចគ្នានេះ មិនបានបង្កឱ្យទាហានខាងភាគីណារងរបួសនោះទេ ដោយភាគីកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ តុល សុវណ្ណ មេបញ្ជាការរងកងពលធំទី៣ បានសម្របសម្រួលតាមទូរស័ព្ទ ជាមួយមេបញ្ជាការរង នៃកងកម្លាំង Suranaree របស់ប្រទេសថៃ ហើយបានឯកភាពគ្នាបញ្ចប់រឿងនៅវេលាម៉ោង៥ និង៥៥នាទីព្រឹក។
គួរបញ្ជាក់ថា កម្ពុជា-ថៃ បានព្រមព្រៀងគ្នារក្សា “ស្ថានភាពនៅស្ងប់ស្ងាត់” ដើម្បីបញ្ចៀសឧប្បត្តិហេតុដែលអាចប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំង២៕










