ខេត្តស្ទឹងត្រែង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

“ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅជាប់ដងទន្លេមេគង្គលើ ដ៏មានសក្តានុពលទេសចរណ៍សំខាន់របស់ខេត្ត។ បន្ថែមពីនេះ ទីតាំងភូមិសាស្រ្ត ក៏អំណោយផលដល់ធនធានធម្មជាតិ មានមច្ឆាជាតិ និងការរៀបចំអុំទូកទេសចរណ៍ បែបទូកកៃយ៉ាកជាដើម៕