រាជធានីភ្នំពេញ ៖ ក្រសួងធម្មការ និង សាសនា នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ បានចុះទៅអប់រំណែនាំលោក ថោង សុខុម ហៅលោកគ្រូ ភ្នំគូលែន ដែលតែងស្លៀកពាក់សដើរបិណ្ឌបាត ព្រមទាំងធ្វើកិច្ចសន្យាឲ្យបញ្ឈប់រាល់ការបង្ហោះរូបភាព ឬវីដេអូទាំងឡាយណាដែលអាចនាំឲ្យប៉ះពាល់ដល់សាសនាជាតិនៅក្នុងបណ្ដាញសង្គមតទៅទៀត។

លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយ ស្ថាប័ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ចុះធ្វើការណែនាំ លោក ថោង សុខុម ហៅលោកគ្រូភ្នំគូលេន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនាដទៃ។ ដោយបានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ប្រសិទ្ធីមន្តគាថា ការដើរបិណ្ឌបាតដោយស្លៀកដណ្ដប់ គ្រងសំពត់បែបអ្នកបួសព្រះពុទ្ធសាសនា ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

ជាការឆ្លើយតបនឹងការលើកឡើង និងស្នើសុំរបស់ក្រសួង លោកថោង សុខុម បានទទួលស្គាល់ថា ៖ លោកពិតជាបានបង្ហោះវីដេអូបង្ហាញពីសកម្មភាពដូចបានរៀបរាប់ខាងលើពិតមែន ដោយរូបភាពទាំងអស់នោះភាគច្រើនជារូបភាពចាស់ៗ និងអ្នកលេងបណ្ដាញសង្គមចែករំលែកតៗគ្នា និងខ្លះទៀតត្រូវបានគេយកទៅផុសឡើងវិញ ក្នុងន័យចង់បរិហារកេរ្តិ៍ប៉ុណ្ណោះ។

នៅក្នុងការចុះកិច្ចសន្យាជាមួយក្រសួង លោកបានយល់ព្រមលុបចោលនូវរូបភាព និងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមទាំងអស់ចេញ ព្រមទាំងបញ្ឈប់ការបង្ហោះរូបភាព ឬវីដេអូជាបន្តទៀតនៅលើបណ្ដាញសង្គម Facebook, Instagram, TikTok, Telegram, Whatsapp, Cool App -ល- ចាប់ពីពេលនេះតទៅ។
ក្រៅពីនេះ លោក ថោង សុខុម ក៏បានអំពាវនាវទៅកាន់អ្នកគាំទ្រទាំងអស់ ឲ្យឈប់យករូបភាពរបស់លោកទាំងចាស់ និងថ្មី ទៅបង្ហោះចែកចាយតាមបណ្ដាញសង្គមតទៅទៀត និងសូមលុបនូវវីដេអូ ឬរូបភាពចាស់ ថ្មីដែលបានបង្ហោះទៅក្នុងបណ្ដាញសង្គមទាំងឡាយចោលទាំងអស់៕










