រយៈពេលចុងក្រោយនេះតារារ៉េប វណ្ណដា បានបញ្ចេញសកម្មភាពខុសពីមុនដែលធ្វើឱ្យ អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមនុស្សមិនសូវសម្ងែងសម្ភារៈនិយមស្រាប់តែ វណ្ណដា ចេញមកបង្ហោះពីការទិញរថយន្តថ្មីជាពិសេសបានសងសឹកវិញជុំវិញការផ្លែផ្កា ពីអ្នកមួយចំនួនថាលោកជួលរថយន្តទំនើបទៅចូលរួមកម្មវិធី។

កាលពីថ្ងៃទី២៣ ឧសភា វណ្ណដា បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងការទិញរថយន្តស៊េរីទំនើប អមជាមួយនឹងសម្តីថា «ថ្ងៃសុក្រ ថ្ងៃល្អ ទិញដែក ទិញដាច់ អត់បង់រំលោះ អត់ខ្ចីគេ អត់អីទាំងអស់»។ ការបង្ហោះពីការទិញរថយន្តទំនើបក្រោយពីចប់កម្មវិធី ប្រគំតន្រ្តីធំរបស់ខ្លួនត្រូវបានអ្នកមួយចំនួនថាលោកសល់លុយច្រើនពីកម្មវិធីប៉ុន្តែ វណ្ណដា បានបញ្ជាក់ថា «មិនទាន់បានបើកលុយ concert ទេ»។

មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា បានសងទាំងដើមទាំងការវិញរាល់ពាក្យសម្តីរបស់អ្នកមួយ ចំនួនដែលបានផ្លែផ្កាឱ្យលោកកន្លែងមកក្នុងពេលដែលចុះពីរថយន្តទំនើបទៅចូលរួមកម្មវិធី ចុះកុងត្រាថ្មីហើយមានពាក្យសម្តីថា ជួលឡានគេ មិនមែនជាឡានរបស់ខ្លួនឯង។ ពាក្យសម្តីដែលកន្លងផុតជាច្រើនខែមកនេះ វណ្ណដា ទ្រាំមិនមាត់កបានសងទាំងដើមទាំង ការវិញជាមួយនឹងសម្តីថា «មួយជាតិនេះគ្មានប្រវត្តិជួលឡានលោកបងលោកអូនណាទេ មានតែគេយកមកទទួលបើកកម្មវិធី រឿងពិតរៀងចត់ រឿងពិតក៏ហត់ខ្ជិលចង់បកស្រាយ»។
ស្របពេលដែល វណ្ណដា បង្ហាញពីឡានថ្មីរាប់សិបម៉ឺនដុល្លារនេះ ម្ចាស់បទ«សុវណ្ណភូមិ» បានបញ្ជាក់ថាលោកមិនមែនអួតអ្វីនោះទេព្រោះមុននឹងក្រោយទស្សនិកជនគង់តែដឹង។ វណ្ណដា បានសរសេរថា «អត់ចេះអួតទេ មុនក្រោយគង់តែដឹង ប្រាប់តតគ្នាផង ផុសប្រាប់អោយហើយខ្លាចគេលាបពណ៌»។
គួរបញ្ជាក់ផងដែរថា វណ្ណដា ក៏បានបង្ហើបពីគម្រោងថ្មីមួយទៀតរបស់ខ្លួនចង់ដឹងពី ចំណាប់អារម្មណ៍របស់អ្នកគាំទ្រខណៈលោកកំពុងអង្គុយគិតនិងសិក្សាអំពី:
« ត្រីវិស័យ-TREYVISAI ORCHESTRA អកេះស្ត្រា» ដែលនឹងរៀបចំ ឱ្យមានចំណីអារម្មណ៍ថ្មីមួយ លាយជាមួយឧបករណ៍ភ្លេងខ្មែរទាំងអស់នាពេលអនាគត៕










