ទស្សនិកជនជាអ្នកគាំទ្រជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត គឺជាមនុស្សម្នាក់ដែល ស្រលាញ់នាឡិកាខ្លាំងហើយបានទិញនាឡិកាជាច្រើនរាប់មិនអស់ខណៈពណ៌ដែលលោកស្រលាញ់គឺជាពណ៌ក្រហម។ ការទិញនាឡិកាទំនើបចុងក្រោយនេះបានធ្វើឱ្យអ្នកលេង បណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែតម្លៃនាឡិកាដែល ទេព បូព្រឹក្ស ទិញឱ្យ ជី ដេវិត គឺមានតម្លៃរាប់ម៉ឺនដុល្លារទិញលុយសុទ្ធមិនបង់រំលោះ។

កាលពីថ្ងៃទី២៤ តារាចម្រៀង ជី ដេវិត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស ជាប្រពន្ធ បាននាំទៅទិញនាឡិកាថ្មីជាកាដូមុនថ្ងៃរៀបមង្គលការមកដល់។ អ្វីដែលកាន់តែពិសេស ទេព បូព្រឹក្ស លេងឈុតធំបានចំណាយប្រាក់រាប់ស៊ិបម៉ឺន ដុល្លារទិញនាឡិកាប្រណីតម៉ាក Richard Mille 11-02 Full Titanium ខណៈដែលតម្លៃវិញត្រូវបានគេទម្លាយថា គឺមានតម្លៃរហូតដល់ ៣០,៥០០០ដុល្លារឯណោះ។
ជាមនុស្សដែលស្រលាញ់នាឡិកាហើយត្រូវបានភរិយាផ្តល់ជាកាដូជាទីគាប់ចិត្តនេះ ជី ដេវិត បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយបានពោលទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស ថា «ប្រពន្ធសម្រេចក្តីស្រមៃថ្ងៃអាពាហ៍ពិពាហ៍ »។
អ្វីដែលកាន់តែពិសេស ម្ចាស់ហាងដែលលក់នាឡិកាប្រណីតនេះបានចេញមកបញ្ជាក់ថា នាឡិកា ដែល ទេព បូព្រឹក្ស ទិញឱ្យ ជី ដេវិត នេះគឺប្រើលុយសុទ្ធមិនបង់រំលោះទេ ហើយក្នុងនោះម្ចាស់ហាងក៏បានពោលសរសើរទឹកចិត្តរបស់ ទេព បូព្រឹក្ស ដូចគ្នាដែលសម្រេចក្តីស្រមៃរបស់ ជី ដេវិត៕
		
	









