តារាចម្រៀង សួ វិចិត្រ ម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក Beat The Best រដូវកាលទី១ បានបង្ហាញអារម្មណ៍ហួសចិត្តក្រោយពីមានគេឱ្យលោកឡើងច្រៀង
មិនចង់ចំណាយថវិកាប្តូរមកជាការឱ្យ១តុវិញ 
នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥ តារាចម្រៀង សួ វិចិត្រ បានបង្ហោះរូបភាពអមមក ជាមួយនឹងខ្លឹមសារថា «អូនឯងទំនេរអត់ទៅច្រៀងហាងបងលេងហីបងឱ្យមួយតុហ្អើយ ដល់ថ្នាក់ហ្នឹងចង់បានតួទៅច្រៀងអត់ហ៊ានចំណាយលុយសូមមើល background ខ្ញុំឡើងវិញបង ខ្ញុំសុំទោសបើនិយាយទៅខុសឆ្គងតែចង់ឱ្យដឹងខ្លះ»។ ខ្លឹមសារមុននឹងតារាចម្រៀងរូបនេះកែសម្រួលឡើងវិញ សួ វិចិត្រ ក៏បង្ហាញដែរថា លោកប្រូម៉ូតឱ្យតែ ឡាន និង Speaker ក៏បានមួយខែៗរាប់ពាន់ដែរ។
នៅក្នុងផ្នែកខម្មិនវិញម្ចាស់បទ «ជួបមនុស្សសម្តែង» បានបង្ហាញដែរថាមនុស្សខ្លះលោកជួយរាប់ឆ្នាំដល់ពេលឡើងថ្លៃតិចតួចចោទប្រកាន់លោក។ សួ វិចិត្រ បានសរសេរយ៉ាងដូច្នេះថា «អ្នកខ្លះជួយរាប់ឆ្នាំដល់យើងឡើងថ្លៃតិចតួចចោទប្រកាន់យើង ហូយស្តុយក៏ស្តុយទៅ»។
ជាមួយនឹងការបង្ហាញអារម្មណ៍ហួសចិត្តខាងលើនេះមានអ្នកគាំទ្រមួយចំនួនបានចូលទៅខម្មិនកែលម្អនិងឱ្យតារាចម្រៀងរូបនេះចិត្តត្រជាក់ជាងនេះជៀសវាងមានផលប៉ះពាល់លើអាជីព។ គណនីហ្វេកប៊ុកមួយលើកឡើងថា «ជាកូនប្រុសទ្រាំនឹងកាប្រមាថតិចតួចមិនបាន អាចខូចដល់កិច្ចការធំ។ កុំឆាប់ខឹងឆេវឆាវយើងជាអ្នកចម្រៀងឬជាមនុស្សមហាជនជៀសមិនផុតពីការរិះគន់ឬការមិនឱ្យតម្លៃ….។ មើលរៀមច្បងមួយចំនួនជាគំរូ គាត់ជួបរឿងជាច្រើន តែគាត់មិនដែលផុសបង្ហាញឡើយ។ គាត់នៅតែធ្វើខ្លួនធម្មតា»។ គណនីមួយទៀតបានបញ្ចេញមតិថា «ទោះខឹងយ៉ាងណា ក៏មិនត្រូវយកមកបង្ហោះអញ្ចឹងដែរ គ្រាន់តែដឹងក្នុងចិត្តទៅបានហើយ យោបល់ពីអ្នកគាំទ្រប្អូន»។
គួរឱ្យដឹងថា បន្ទាប់ពីបញ្ចេញអារម្មណ៍របស់ខ្លួននិងទទួលបានមតិស្ថាបនាពីអ្នកគាំទ្រ សួ វិចិត្រ ក៏បានកែខ្លឹមសារការបង្ហោះរបស់លោកផងដែរ៕










