វត្តមានតារារ៉េបថៃ OG Bobby មកប្រគំតន្រ្តី ត្រីវិស័យសុវណ្ណភូមិ ជំនួស តារារ៉េប Youngohm បានផ្តល់នូវភាពសប្បាយរីករាយជាមួយនឹងស្នាមញញឹមជូនអ្នកគាំទ្រកម្ពុជា។ លើសពីនេះទស្សនិកជនមួយចំនួនបានសរសើរពីភាពស្រស់សង្ហារបស់ OG ជាមួយនឹងស្ទាយ៍បែប Oppa ។

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារារ៉េប Youngohm បានខកខានមកសម្តែងនៅប្រទេសកម្ពុជាដោយមិនបានរំពឹងទុកព្រោះជិតដល់ថ្ងៃកម្មវិធីទៅហើយស្រាប់តែអវត្តមាន ខណៈតារារ៉េបរូបនេះមិនបានចែករំលែកឬផ្តល់ហេតុផល ច្បាស់លាស់ពន្យល់ដល់អ្នកគាំទ្រវិញដោយក្រៅពីខាងក្រុមហ៊ុនបារមីចេញមកជូនដំណឹង។
យ៉ាងណាមិញ ទស្សនិកជនក៏បានកោតសរសើរនូវទឹកចិត្តរបស់តារារ៉េបថៃ OG Bobby យល់ព្រមមកសម្តែងនៅប្រទេសកម្ពុជារីករាយនៅក្នុងការសហការទោះបីជាទើបតែទាក់ទងទៅលោកក្តី។ នៅពេលថ្ងៃប្រគំតន្រ្តីមកដល់ (១៧ ឧសភា) បានផ្តល់ភាពសប្បាយរីករាយជាមួយនឹងអ្នកគាំទ្រតាមរយៈបទ «Bong» ដែលបានសហការជាមួយនឹង វណ្ណដា កាលពីឆ្នាំ២០២២។
មុននឹងការសម្តែង OG Bobby បានស្វាគមន៍អ្នកគាំទ្រកម្ពុជាជាមួយនឹងភាសាខ្មែរ។
វត្តមានរបស់ OG លើកនេះនៅលើទឹកដីកម្ពុជាបានធ្វើឱ្យទស្សនិកជនជាច្រើនពេញចិត្តជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ពីភាពស្រស់សង្ហារបស់លោកដែលបញ្ចេញស្ទាយ៍សក់ថ្មីប្រៀបដូចជា Oppa ។ គួរបញ្ជាក់ផងដែរថា ក្រៅពីបទ «Bong» OG Bobby និង វណ្ណដា បានសហការគ្នាទៅលើបទ «YOUNG MAN »៕










