កូរ៉េខាងត្បូង ៖ ក្នុងការដោះស្រាយបញ្ហាអត្រាកំណើតទាប និងប្រជាជនចាស់កើនឡើងច្រើន រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្ដល់ជំនួយហិរញ្ញវត្ថុលើការចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីជាការលើកទឹកចិត្តដល់គូស្នេហ៍ទាំងអស់ឲ្យរៀបការបង្កើតគ្រួសារកាន់តែច្រើន។ ជំនួយដែលពួកគេនឹងទទួលបានរួមមាន ៖ ប្រាក់ឧបត្ថមក្នុងការចាប់ផ្ដើមគ្រួសារ, ការបញ្ចុះពន្ធ, ជំនួយលើថ្លៃស្នាក់នៅ និងការជួយចេញថ្លៃរៀបការជាដើម។

ប្រាក់ជំនួយ និងការឧបត្ថមទាំងអស់នេះ គឺមានអត្រាខុសៗគ្នាទៅតាមតំបន់និងលក្ខខណ្ឌផ្សេងៗដូចជា ៖
-ទីក្រុងសេអ៊ូល គូស្វាមីភរិយាដែលចុះសំបុត្រអាពាហ៍ពិពាហ៍រួចនឹងទទួលបាន ១លានវ៉ុន (~៦៨៥ ដុល្លារ)។
-នៅខេត្ត Gyeonggi ប្ដីប្រពន្ធដែលមានអាយុចន្លោះពី ១៩-៣៩ឆ្នាំ ដែលបានរៀបការនិងរស់នៅក្នុងខេត្តនេះបានយ៉ាងហោចណាស់១ឆ្នាំ នឹងទទួលបានប្រាក់ ១លានវ៉ុន។
-ទីក្រុង Daejeon គូស្វាមីភរិយាដែលរៀបការនៅទីនេះនឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៥លានវ៉ុន (~៣,៤០០ដុល្លារ)
-ស្រុក Yeongdong គូស្វាមីភរិយាអាយុក្រោម ៤៥ឆ្នាំ អាចទទួលបានប្រាក់ឧត្ថមចំនួន ១០លានវ៉ុន (~៦,៨០០ដុល្លារ)
-ស្រុល Saha ខេត្ត Busan គូស្វាមីដែលបានរៀបការជាមួយគ្នា បន្ទាប់ពីកម្មវិធីណាត់ជួបដែលរៀបចំដោយរដ្ឋនឹងទទួលបានប្រាក់ឧបត្ថមរហូតដល់ ២០លានវ៉ុន (~១៣,៦០០ដុល្លារ)
ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ ២០២៥នេះតទៅ រដ្ឋាភិបាលណៅទីក្រុងសេអ៊ូល ក៏នឹងផ្ដល់ជំនួយលើការរស់នៅបន្ថែមសម្រាប់គូស្វាមីភរិយាដែលមានកូន ប៉ុន្តែមិនមានផ្ទះផ្ទាល់ខ្លួន អាចទទួលបាន ៣០ម៉ឺនវ៉ុនក្នុងមួយខែ (~២១៨ដុល្លារ) ផងដែរ សម្រាប់រយៈពេល២ឆ្នាំ។

ក្រៅពីការផ្ដល់ប្រាក់ជំនួយ រដ្ឋាភិបាលនៅតាមខេត្ត-ក្រុងជាច្រើន បានរៀបចំឲ្យមានកម្មវិធីណាត់ជួបស្វែងរកដៃគូផងដែរ។ នៅខេត្ត Busan អាជ្ញាធរមូលដ្ឋានបានរៀបចំកម្មវិធីណាត់ជួបនេះជារៀងរាល់ខែ ដើម្បីឲ្យបុរស ស្រ្តីដែលនៅលីវទាំងឡាយបានទាក់ទងគ្នា។ ចំពោះលក្ខខណ្ឌក្នុងការចូលរួមគេកំណត់អាយុចាប់ពី ២០ ដល់ ៤០ឆ្នាំ និងត្រូវតែជាអ្នកនៅលីវ។ សម្រាប់គូស្នេហ៍ទាំងឡាយណាដែលបានរៀបការពិតប្រាកដបន្ទាប់ពីជួបគ្នាក្នុងកម្មវិធីនេះ រដ្ឋនឹងផ្ដល់ប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់ពួកគេ។.png)
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបញ្ជាក់ផងដែរថា ៖ កម្មវិធីដែលបានរៀបចំនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនអត្រាកំណើតនៅក្នុងប្រទេស ជាពិសេសនៅក្នុងតំបន់ខ្លះដែលយុវវ័យជាទូទៅមិនជឿជាក់លើការរៀបការ៕










