ប្រទេសចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅប្រទេសចិន ឈ្មោះ Baidu បានសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ដើម្បីប្រើប្រាស់បច្ចេកវិទ្យា AI បកប្រែភាសាសត្វចិញ្ចឹមទៅជាភាសាមនុស្ស ហើយក្រុមហ៊ុនបញ្ជាក់ថា មិនយូរទេ មនុស្សនឹងអាចជជែកគ្នាដឹងរឿងជាមួយសត្វ តាមរយៈការបកប្រែសំឡេងយំ និងកាយវិការផ្សេងៗរបស់សត្វ ទៅជាភាសាមនុស្ស ដូចជា ៖ «កុំចាប់ខ្ញុំ ឬឃ្លានចំណី» ។

គោលបំណងនៃការបង្កើតបច្ចេកវិទ្យា AI បកប្រែភាសាសត្វជាភាសាមនុស្ស គឺក្រុមហ៊ុនមានគោលបំណងឱ្យមនុស្ស និងសត្វចិញ្ចឹមយល់ពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត ។ បើទោះជាការបង្កើតបច្ចេកវិទ្យានេះពុំទាន់ជោគជ័យ១០០% ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមនៅប្រទេសចិន ។
.png)
តើលោកអ្នកចង់ដឹងទេថា តើឆ្មាកំពុងរអ៊ូរទាំរឿងអ្វី? តើឆ្កែរបស់លោកអ្នកសប្បាយចិត្ត ឬក៏មួម៉ៅ ពេលវាព្រុស? Baidu គឺជាក្រុមហ៊ុន Search Engine ដ៏ធំបំផុតរបស់ចិននឹងបកប្រែភាសាសត្វចិញ្ចឹមឱ្យលោកអ្នក ដោយការប្រើប្រាស់បច្ចេកវិទ្យា AI បកប្រែភាសាសត្វ ។
បច្ចេកវិទ្យា AI នឹងប្រមូលទិន្នន័យពីសត្វចិញ្ចឹម ដូចជា ៖ សំឡេងយំ អាកប្បកិរិយា និងកាយវិការផ្សេងៗរបស់សត្វយកមកវិភាគរួមគ្នា បន្ទាប់មក AI នឹងវាយតម្លៃអារម្មណ៍សត្វ និងផ្គូផ្គងជាមួយអត្ថន័យដើម្បីឱ្យមនុស្សយល់ពីសត្វ ។ ឧទាហរណ៍ ៖ បើឆ្មាកំពុងមួម៉ៅ គឺ AI នឹងបកប្រែទៅជា ៖ «កុំចាប់ខ្ញុំ ខ្ញុំនឿយហត់» ឬបើឆ្កែព្រុស ហើយវាសប្បាយចិត្ត គឺ AI នឹងបកប្រែទៅជា ៖ «យ៉េ! ម្ចាស់ខ្ញុំត្រឡប់មកផ្ទះវិញហើយ» ។
.png)
ក្រុមហ៊ុន Baidu បញ្ជាក់ថា បច្ចេកវិទ្យានេះនឹងជួយបង្កើនការយល់ដឹងពីអារម្មណ៍មនុស្ស និងសត្វ ហើយធ្វើឱ្យមនុស្សមានទំនាក់ទំនងជាមួយសត្វកាន់តែជិតស្និទ្ធខ្លាំងឡើង ។ ទោះជាការបង្កើតបច្ចេកវិទ្យាពុំទាន់ទទួលបានជោគជ័យ១០០% ក្តី ប៉ុន្តែអ្នកតំណាងក្រុមហ៊ុន Baidu ប្រាប់ថា មានមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយចុះផ្សាយព័ត៌មាន ។ ដូចគ្នានេះ អ្នកលេងបណ្តាញសង្គមចិនក៏ចាប់អារម្មណ៍ដែរ និងចែកចាយព័ត៌មាននេះពេញបណ្តាញសង្គម ខណៈអ្នកខ្លះទៀតសួរថា តើបច្ចេកវិទ្យានេះនឹងដំណើរការពេលណា?
គួរបញ្ជាក់ថា មិនមែនមានតែចិនមួយទេ ដែលបង្កើតបច្ចេកវិទ្យាបកប្រែភាសាសត្វ ប្រទេសនានាក៏បានបង្កើតបច្ចេកវិទ្យានេះដែរ ដូចជា ៖ Project CETI ព្យាយាមបកប្រែភាសាត្រីបាឡែន ដោយប្រើប្រាស់ AI កាលពីឆ្នាំ២០២០ ។ រីឯ Earth Species Project ដែលទទួលបានប្រាក់ឧបត្ថម្ភពីលោក Reid Hoffman សហស្ថាបនិក LinkedIn ក៏បានបង្កើតបច្ចេកវិទ្យាបកប្រែភាសាសត្វដែរ ។

ប៉ុន្តែ Baidu គឹជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំដំបូងនៅចិន ដែលតាំងចិត្តបកប្រែភាសាសត្វ បើការបង្កើតបច្ចេកវិទ្យាបកប្រែភាសាសត្វទទួលបានជោគជ័យនោះ មិនយូរទេ យើងនឹងបានស្តាប់ឆ្មានិយាយថា ៖ «ហេវចំណី» តាមរយៈ App លើទូរស័ព្ទដៃក៏ថាបាន ៕.png)










