រាជធានីភ្នំពេញ ៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទដំណើរការចាប់ពីថ្ងៃទី៩ វេលាម៉ោង 0:00 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះតទៅហើយប្រសិនបើមិនមានអ្វីប្រែប្រួល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ឯកឧត្តម បានមានប្រសាសន៍ថា ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជាផ្លូវការនៅម៉ោង 0:01 នាទីអាធ្រាត្រថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ហើយជើងហោះហើរទាំងអស់នឹងត្រូវផ្ទេរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់ទីនោះវិញ។ ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្រ្តមុននឹងព្រលានយន្តហោះពោធិ៍ចិនតុងបិទជាផ្លូវការ គឺជើងហោះហើរ Korean Air របស់ប្រទេសកូរ៉េខាងត្បូង។.jpg)
គួរជម្រាបថា នេះគឺជាដំណឹងល្អដែលកម្ពុជានឹងមានព្រលានយន្តហោះថ្មី ជាប្រភេទ4F ដែលអាចស្រូបយកនិងទទួលបានការហោះហើរ ពីចម្ងាយឆ្ងាយឆ្លងទ្វីប ព្រមទាំងអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និង យន្តហោះ Boeing747-800 ចុះចតបាន។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយផងដែរសម្រាប់មហាជនទូទៅ ដោយសារតែព្រលានយន្តហោះអន្តរជាតិភ្នំពេញបានបម្រើដល់វិស័យអាកាសចរនៅកម្ពុជាអស់រយៈពេលជិត ៧០ឆ្នាំ នឹងឈប់ដំណើរការតួនាទីរបស់ខ្លួនចាប់ពីខែក្រោយនេះតទៅហើយ។.jpg)
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ផ្ដើមកសាងជាលើកដំបូងដោយក្រុមហ៊ុនបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា «អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង»។ ក្នុងរយៈពេលជាង ៦ទស្សវត ដែលបានដំណើរការព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបានបន្សល់ទុកនូវអនុស្សាវរីយ៍រាប់មិនអស់ចំពោះប្រជាជនកម្ពុជា មុននឹងត្រូវបិទទ្វាចាប់ពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង 0:00នាទីរំលងអាធ្រាត្រជាផ្លូវការ៕










