ពិធីមង្គលការរបស់តារាចម្រៀង រ៉ាប៊ី និង កីឡាករបាល់ទាត់ខ្មែរកាត់អាម៉េរិក Nick Taylor បានបញ្ចប់រួចរាល់ហើយដោយមានការចូលរួមពីសិល្បករ សិល្បការិនី និង កីឡាករបាល់ទាត់មួយចំនួន។ ស្របពេលជាមួយគ្នានេះលោក រៀនថត បានបង្ហើបប្រាប់ដែរថាក្នុងពិធីមង្គលការរបស់ខ្លួនកាលពីយប់មិញ Nick មិនបានប៉ះស្រាសូម្បីមួយដំណក់ ខណៈនៅពេលពិធីកាត់សក់បង្កក់សិរីកូនកំលោះឆ្លើយថាតមផ្សំដំណេកសិន។

នៅវេលាម៉ោង៧និង២៨នាទីព្រឹក ថ្ងៃទី១០ ឧសភា នៅលើបណ្តាញសង្គមរបស់កីឡាករ Nick Taylor ស្រាប់តែបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងចំណងជើងខ្លីថា « Time to write history។ ជាមួយនឹងការបង្ហោះរូបទាំងព្រឹកទាំងយប់មិញ(៩ ឧសភា) ជាពិធីមង្គលការរបស់ខ្លួននេះលោក ឆេង សុភ័ក្រ្ត ហៅ រៀនថត បានបង្ហើបដែរថាកាលពីយប់មិញ Nick មិនបានប៉ះជាតិអាល់កុលនោះទេ។ លោក បានសរសេរយ៉ាងដូច្នេះថា «ចង់ប្រាប់បងប្អូនថា ខ្ញុំទៅការគាត់យប់មិញគាត់មិនបានប៉ះជាតិអាកុលសូម្បីមួយតំណក់ ហើយមិត្តភក្តិក៏ជូនពរ ហើយចង់ឱ្យគាត់បង្ហាញខ្លួនល្ងាចនេះផងដែរ ខ្ញុំប្រាប់គាត់ថាសុតឱ្យបាន១គ្រាប់យ៉ាងតិច»។

ក្រោយពីទស្សនិកជនដឹងថា Nick Taylor មិនបានប៉ះជាតិអាល់កុលត្រៀមខ្លួនប្រយុទ្ធលើសមរភូមិបាល់ទាត់ដើម្បីដណ្តើមពានលើកដំបូងក្នុងប្រវត្តិសាស្រ្តនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរទៅកាន់កីឡាកររូបនេះ។

មិនត្រឹមតែមិនប៉ះជាតិស្រាប៉ុណ្ណោះទេ ប៉ុន្តែនៅពេលពិធីកាត់សក់បង្កក់សិរី នាយក្រូច បានជីកសួរអំពីការហើយផ្សំដំណេកដូចគ្នាហើយត្រូវបានកូនកំលោះឆ្លើយតបសើចពេញរោងការព្រោះត្រូវតមផ្សំដំណេកសិនដើម្បីត្រៀមកម្លាំងប្រកួតបាល់ទាត់។
គួរបញ្ជាក់ផងដែរនៅវេលាម៉ោង៧យប់ថ្ងៃទី១០ ឧសភា នេះក្លិបព្រះខ័នរាជស្វាយរៀងនឹងត្រូវប្រកួតជាមួយនឹង FC Arkadag ក្នុងការដណ្តើមពានរង្វាន់ AFC Challenge League 2024/2025 ៕










