យោងតាមលទ្ធផលការស្រាវជ្រាវថ្មីបញ្ជាក់ថា ក្រុមអ្នកមានបានធ្វើឱ្យផែនដីឡើងកំដៅខ្លាំងជាងអ្នកក្រ ដោយសារការអនុវត្តទម្លាប់ប្រចាំថ្ងៃ ប្រើប្រាស់សម្ភាៈពុំចាំបាច់ និងការវិនិយោគរបស់អ្នកមាន ។ ទស្សនាវដ្តី Nature Climate Change បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវនេះ គឺក្រុមអ្នកមានជីវភាពធូរធា ស្មើ១០% នៅលើពិភពលោក ត្រូវតែទទួលខុសត្រូវការឡើងកំដៅផែនដី ចាប់ពីឆ្នាំ១៩៩០ ។

ក្រុមអ្នកមានប្រាក់ចំណូលខ្ពស់បានចូលរួមបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណខុសគ្នាពីក្រុមអ្នកមានប្រាក់ចំណូលតិច ។ ប៉ុន្តែការស្ទង់មតិនេះត្រូវបានគេចាត់ទុកថា គឺជាការស្ទង់មតិលើកដំបូងដែលព្យាយាមស្វែងរកចម្លើយថា តើភាពខុសគ្នានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រវាងអ្នកមាន និងអ្នកក្រ នឹងប៉ះពាល់ដល់អាកាសធាតុលើពិភពលោកបែបណាខ្លះ?

Sarah Schongart អ្នកវិភាគអាកាសធាតុ និងបានចូលរួមសរសេរការស្រាវជ្រាវនិយាយថា អ្នកមានទ្រព្យសម្បត្តិច្រើនបានបំពុលបរិស្ថាន និងជំរុញឱ្យអាកាសធាតុពិភពលោកផ្លាស់ប្តូរយ៉ាងខ្លាំង ។ ក្រុមអ្នកមានបានបញ្ចេញកាបូនកាន់តែច្រើនតាមរយៈការប្រើប្រាស់សម្ភារៈ និងការវិនិយោគ ខណៈប្រទេសក្រីក្រដែលមានទីតាំងនៅក្បែរខ្សែអេក្វាទ័រ ត្រូវទទួលបន្ទុកដ៏ធ្ងន់ធ្ងរដោយសារអាកាសធាតុអាក្រក់ និងសីតុណ្ហភាពកើនឡើងខ្ពស់ ។

តាមលទ្ធផលការស្ទង់មតិ គឺនៅឆ្នាំ២០២០ សីតុណ្ហភាពជាមធ្យមលើពិភពលោក បានកើនឡើងខ្ពស់ជាងឆ្នាំ១៩៩០ រហូតដល់០.៦១អង្សាសេ ហើយអ្នកវិភាគនិយាយថា សីតុណ្ហភាពជាមធ្យមលើពិភពលោក បានកើនឡើងប្រមាណ៦៥% ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ក្រុមអ្នកមានបំផុតលើពិភពលោក ស្មើ១០% (តាមការកំណត់ក្នុងការស្រាវជ្រាវ គឺអ្នកមាន សំដៅលើអ្នកដែលមានប្រាក់ចំណូលជាង៤២,៩៨០អឺរ៉ូក្នុង១ឆ្នាំ ឬជាង៤ម៉ឺនដុល្លារក្នុង១ឆ្នាំ) ។
ចំណែកក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ស្មើ១% នៅលើពិភពលោក ដែលមានប្រាក់ចំណូលក្នុង១ឆ្នាំ ស្មើ១៤៧,២០០អឺរ៉ូ គឺត្រូវទទួលខុសត្រូវការឡើងកំដៅផែនដី រហូតដល់២០% ។ រីឯក្រុមអ្នកមានទ្រព្យសម្បត្តិច្រើនជាងនេះ ស្មើ០.១% ឬស្មើ៨សែននាក់លើពិភពលោក ដែលមានប្រាក់ចំណូលក្នុង១ឆ្នាំ ជាង៥៣៧,៧៧០អឺរ៉ូ ត្រូវទទួលខុសត្រូវលើការឡើងកំដៅផែនដី ត្រឹមតែ៨% ។

ក្រៅពីនេះ លទ្ធផលការស្រាវជ្រាវបញ្ជាក់ថា ក្រុមអ្នកមាន ស្មើ១០% លើពិភពលោក បានធ្វើឱ្យផែនដីឡើងកំដៅខ្លាំងជាមនុស្សទូទៅ រហូតដល់ជាង៦ដង ខណៈក្រុមអ្នកមាន ស្មើ១% និងក្រុមអ្នកមាន ស្មើ០.១% លើពិភពលោក បានធ្វើឱ្យផែនដីឡើងកំដៅ រហូតដល់២០ដង និង៧៦ដង ។ ប៉ុន្តែបើក្រុមអ្នកមានបញ្ចញឧស្ម័នផ្ទះកញ្ចក់ស្មើអ្នកក្រ គឺផែនដីនឹងឡើងកំដៅតិចតួចប៉ុណ្ណោះនៅឆ្នាំ១៩៩០ ។
.jpg)
ក្រុមអ្នកស្រាវជ្រាវចង់ឱ្យលទ្ធផលការស្រាវជ្រាវរបស់ពួកគេបានរួមចំណែកក្នុងការកំណត់គោលនយោបាយការផ្លាស់ប្តូរអាកាសធាតុ និងចង់ឱ្យពិភពលោកទទួលស្គាល់ថា ការប្រើប្រាស់សម្ភារៈពុំចាំបាច់ ពិតជាធ្វើឱ្យផែនដីឡើងកំដៅ ៕









