ប្រទេសវៀតណាម ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសពីគម្រោងផ្តល់ទិដ្ឋាការមាស (Golden Visa) ឱ្យជ.នបរទេសអាចស្នាក់នៅប្រទេសវៀតណាម រហូតដល់១០ឆ្នាំ ដើម្បីទាក់ទាញវិនិយោគិន ភ្ញៀវទេសចរ និងអ្នកជំនាញបច្ចេកវិទ្យាបរទេស ហើយរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅផ្លាស់ប្តូរប្រទេសពីគោលដៅទេសចរណ៍រយៈពេលខ្លី ទៅជាមជ្ឈមណ្ឌលទេសចរណ៍យូរអង្វែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរឥណ្ឌាដែលធ្វើដំណើរមកប្រទេសវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារវៀតណាមបង្កើនជើងហោះហើរត្រង់ពីទីក្រុងធំៗរបស់ឥណ្ឌា ដូចជា ៖ ទីក្រុងញូវដេលី, ម៉ុមបៃ និងជេនណៃ ។ ដូច្នេះ ធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ងាយស្រួលសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស និងជាប្រទេសគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំង ។

សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងការចាយវាយប្រចាំថ្ងៃសមរម្យបានធ្វើឱ្យវៀតណាមក្លាយជាគោលដៅថ្មីទទួលបានការពេញនិយមពីបណ្តាក្រុមហ៊ុនបរទេស និងវិនិយោគិនឥណ្ឌា ជាពិសេស ក្រុមជំនាញបច្ចេកវិទ្យា (IT) ថាមពលកកើតឡើងវិញ និងក្រុមហ៊ុនទេសចរណ៍ ។
វៀតណាមអនុញ្ញាតឱ្យជនបរទេសអាចស្នើសុំទិដ្ឋាការស្នាក់នៅតាមប្រព័ន្ធឌីជីថល ជាពិសេស ជនជាតិឥណ្ឌា ព្រមទាំងផ្តល់នូវរបៀបរស់នៅតាមវប្បធម៌ប្រពៃណីរួមបញ្ចូលជាមួយសម័យទំនើប ។ វៀតណាមនឹងធ្វើឱ្យទីក្រុងធំៗ ដូចជា ៖ ទីក្រុងហូជីមិញ ហាណូយ និងដាណាង ក្លាយជាទីក្រុងមានសុវត្ថិភាព ងាយស្រួលធ្វើដំណើរ និងគួរឱ្យរស់នៅសម្រាប់ជនបរទេស ។ ក្រៅពីនេះ វៀតណាមក៏បានបង្កើតសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្ទះស្នាក់នៅតាមតំបន់ភ្នំ និងឆ្នេរសមុទ្រ ។

ការផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសរយៈពេលវែង គឺរដ្ឋាភិបាលវៀតណាមមានគោលបំណងផ្លាស់ប្តូរពីការកម្សាន្តនៅវៀតណាមរយៈពេលខ្លី ទៅជារយៈពេលវែង ដោយផ្តល់សិទ្ធិឱ្យជនបរទេសអាចសុំបន្តសុពលភាពទិដ្ឋាការរយៈពេលវែងបាន សម្រាប់ជនបរទេសធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ការច្នៃប្រឌិត និងសេដ្ឋកិច្ច ។.jpg)
តាមរបាយការណ៍របស់ការិយាល័យទេសចរណ៍វៀតណាមកាលពីថ្ងៃទី៦ ខែឧសភា គឺវៀតណាមទទួលបានភ្ញៀវទេសចរបរទេសជាង៧លាននាក់ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ កើនឡើង២៣.៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ភ្ញៀវទេសចរមកលេងវៀតណាម រួមមាន ៖ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក ជប៉ុន កម្ពុជា អូស្ត្រាលី ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ និងថៃ ៕










