កងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានបា.ញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែនមានជម្លោះរវាងប្រទេសទាំងពីរ ធ្វើឱ្យមនុស្សស្លា.ប់យ៉ាងហោចណាស់ ៣៤នាក់ និងរងរបួសជិត១០០នាក់ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបើកការវាយប្រ.ហារដោយមីស៊ីលទៅលើប៉ាគីស្ថាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ។

សារព័ត៌មាន AFP រាយការណ៍ថា រហូតមកដល់បច្ចុប្បន្ន មានមនុស្សស្លាប់យ៉ាងហោចណាស់៣៤នាក់ ដោយសារការផ្ទុះអាវុធរវាងឥណ្ឌា និងប៉ាគីស្ថាន ។ បើតាមរដ្ឋាភិបាលប៉ាគីស្ថាន គឺពលរដ្ឋប៉ាគីស្ថានបានស្លាប់២៦នាក់ ដោយសារការវាយប្រហារ និងបាញ់កាំភ្លើងរបស់ឥណ្ឌានៅតាមបណ្តោយព្រំដែន ខណៈរដ្ឋាភិបាលឥណ្ឌាថា ពលរដ្ឋឥណ្ឌាស្លាប់អស់៨នាក់ ក្រោយការបាញ់កាំភ្លើងធំរបស់ប៉ាគីស្ថាន ។
.jpg)
កងទ័ពអាកាសឥណ្ឌាឱ្យដឹងថា កងទ័ពឥណ្ឌាបានវាយប្រហារ និងបំផ្លាញទីតាំងរបស់ក្រុមប្រដាប់អាវុធប៉ាគីស្ថាន ចំនួន៩កន្លែង ខណៈរដ្ឋាភិបាលឥណ្ឌាបញ្ជាក់បន្ថែមថា សកម្មភាពរបស់កងទ័ពមានគោលដៅច្បាស់លាស់ ប្រុងប្រយ័ត្ន និងពុំបង្កើនហិង្សា ។ ការបំផ្លាញទីតាំងក្រុមប្រដាប់អាវុធកើតឡើងមិនប៉ុន្មានថ្ងៃ ក្រោយពីរដ្ឋាភិបាលឥណ្ឌាចោទប្រកាន់រដ្ឋាភិបាលប៉ាគីស្ថានជាអ្នកគាំទ្រការវាយប្រហារនៅតំបន់កាស្មៀ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌា ។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានចោទប្រកាន់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលបានបើកឆាកធ្វើសង្គ្រាមជាមួយប៉ាគីស្ថាន ដើម្បីទទួលបានការគាំទ្រ និងបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅឥណ្ឌា ។ រដ្ឋាភិបាលប៉ាគីស្ថានបានតបតវិញ ហើយសង្ឃឹមថា ប៉ាគីស្ថាននឹងចំណាយពេលមិនយូរដើម្បីបញ្ចប់សង្គ្រាមនេះ ។

អ្នកនាំពាក្យកងទ័ពប៉ាគីស្ថានបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ ថា ប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌា ចំនួន៥គ្រឿង ធ្លាក់នៅបរិវេណព្រំដែន ព្រមទាំងបាញ់យន្តហោះចម្បាំងរ៉ាហ្វានរបស់បារាំង ចំនួន៣គ្រឿងទៀត ក្រោយពីយន្តហោះទាំងនេះវាយប្រហារប៉ាគីស្ថាន ។
ដោយឡែក ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា និងប៉ាគីស្ថាន បានលុបចោលការហោះហើរជិត៥៥០ជើង តាំងពីប្រទេសទាំងពីរកើតហិង្សាជាមួយគ្នា ។ តាមទិន្នន័យក្នុងគេហទំព័រតាមដានការហោះហើរ Flightradar24 គឺយន្តហោះដឹកអ្នកដំណើរនៅប៉ាគីស្ថាន ១៦% និងនៅឥណ្ឌា ៣% បានលុបចោលការហោះហើរ ។
ប្រទេសជាច្រើនបានបង្ហាញក្តីកង្វល់ចំពោះសង្គ្រាមរវាងឥណ្ឌា និងប៉ាគីស្ថាន ដូចជា ៖ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Jean-Noël Barrot បានអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ កុំឱ្យការវាយប្រហាររាលដាលកាន់តែខ្លាំង និងការពារអាយុជីវិតពលរដ្ឋ ។ រីឯក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការបារម្ភយ៉ាងខ្លាំងចំពោះការប្រឈមមុខគ្នាកាន់តែខ្លាំងរវាងកងទ័ពទាំងពីរប្រទេស ហើយរុស្ស៊ីសង្ឃឹមថា ឥណ្ឌា និងប៉ាគីស្ថាន នឹងដោះស្រាយបញ្ហាដោយសន្តិវិធី ៕.png)










