ប្រទេសព័រទុយហ្គាល់ ៖ អាកាសយានដ្ឋានអន្តរជាតិ Cristiano Ronaldo នៅលើកោះម៉ាឌេរ៉ា (Madeira) ប្រទេសព័រទុយហ្គាល់ គឺជាអាកាសយានដ្ឋានដ៏ប្លែកភ្នែក និងស្ថិតក្នុងចំណោមអាកាសយានដ្ឋានគ្រោះថ្នា.ក់បំផុតលើពិភពលោក ដោយសារការសាងសង់ Runway នៅលើសសរ ។ អាកាសយានដ្ឋាននេះធ្លាប់មានឈ្មោះថា អាកាសយានដ្ឋាន Madeira ប៉ុន្តែបានផ្លាស់ប្តូរឈ្មោះថ្មីនៅឆ្នាំ២០១៧ ដើម្បីផ្តល់កិត្តិយសដល់កីឡាករបាល់ទាត់ លោក Cristiano Ronaldo ក្រោយពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានពានរង្វាន់បាល់ទាត់អឺរ៉ុប នៅឆ្នាំ២០១៦ ។

លើសពីនេះ កោះម៉ាឌេរ៉ា គឺជាស្រុកកំណើតរបស់លោក Cristiano Ronaldo ។ កាលពីមុន អាកាសយានដ្ឋាន Madeira ធ្លាប់ល្បីល្បាញថា គឺជាអាកាសយានដ្ឋានមាន Runway ខ្លីបំផុត ដែលមានចម្ងាយត្រឹមតែ១,៦០០ម៉ែត្រប៉ុណ្ណោះ ព្រមទាំងហ៊ុព័ទ្ធទៅដោយភ្នំខ្ពស់ៗ និងមហាសមុទ្រ ។ ដូច្នេះ ធ្វើឱ្យយន្តហោះនានាពិបាកចុះចតនៅអាកាសយានដ្ឋាននេះ ហើយអាកាសយានិកត្រូវមានជំនាញ ឬប្រើប្រាស់បច្ចេកទេសខ្ពស់ ទើបអាចចុះចតយន្តហោះបាន ។.png)
កាលពីឆ្នាំ១៩៧៧ គឺមានយន្តហោះ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់ បានធ្លាក់ចេញពី Runway របស់អាកាសយានដ្ឋាន ហើយនេះជាមូលហេតុធ្វើឱ្យអាកាសយានដ្ឋាន Madeira ពង្រីក Runway ចំនួន២០០ម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យ Runway សរុបមានចម្ងាយ១,៨០០ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០០០ អាកាសយានដ្ឋានក៏បានពង្រីក Runway ឱ្យមានប្រវែងរហូតដល់២,៧៨១ម៉ែត្រ ។ រីឯភាពលេចធ្លោបំផុតរបស់អាកាសយានដ្ឋាន គឺមានសសរសម្រាប់ទ្រ Runway ចំនួន១៨០សសរ ត្រូវបានសាងសង់លើមហាសមុទ្រ ហើយសសរនីមួយៗមានកម្ពស់ប្រមាណ៧០ម៉ែត្រ ។

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ Cristiano Ronaldo ត្រូវគេចាត់ទុកថា បានសាងសង់នៅកន្លែងពិបាកបំផុត និងជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុតលើពិភពលោក ។ History Channel បានចាត់ចំណាត់ថ្នាក់ Cristiano Ronaldo គឺជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុត លំដាប់ទី៩ លើពិភពលោក និងគ្រោះថ្នាក់បំផុត លំដាប់ទី៣ នៅតំបន់អឺរ៉ុប ដោយសារអាកាសយានិកត្រូវតែទទួលការហ្វឹកហាត់ពិសេសបន្ថែម ទើបអាចចុះចតយន្តហោះនៅអាកាសយានដ្ឋាននេះបាន ៕









