ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ថា ក្រសួងពាណិជ្ជកម្មថៃបានកំណត់ឱ្យបញ្ចុះតម្លៃជីកសិកម្ម ចំនួន១០លានការ៉ុង គឺបញ្ចុះតម្លៃឱ្យបានច្រើនបំផុតមកនៅត្រឹមតែ៥០បាតក្នុង១ការ៉ុង (ឬស្មើ៥ពាន់រៀល) ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កសិករ ចាប់ពីរដូវកាលដាំដុះ គឺថ្ងៃទី៤ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្រៅពីនេះ ក្រសួងកសិកម្មនឹងផ្សព្វផ្សាយពីតម្លៃជីក្នុងគេហទំព័រស្ថាប័នពាក់ព័ន្ធដើម្បីឱ្យពលរដ្ឋទូទាំងប្រទេសជ្រាបច្បាស់ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan និយាយថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានសហការជាមួយសមាគមធំ ចំនួន៣ រួមមាន ៖ សមាគមជី និងកសិកម្មថៃ, សមាគមផលិតជីកសិកម្មថៃ និងសមាគមធុរកិច្ចកសិកម្មថៃ រួមទាំងក្រសួងកសិកម្ម ក្នុងគោលបំណងបង្កើតគម្រោងបញ្ចុះតម្លៃជីគុណភាពល្អមកនៅត្រឹម៥០បាត ។ ជីគុណភាពល្អដែលបញ្ចុះតម្លៃនេះ ស្មើជាង១០លានការ៉ុង ទទួលពីក្រុមហ៊ុនថៃចំនួន២៦ អាចប្រើប្រាស់ជាមួយដំណាំគ្រប់ប្រភេទ ។ រីឯការបញ្ចុះតម្លៃជី គឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។.jpg)
លោក Pichai បន្តថា ក្រសួងកសិកម្មបានបង្កើតគម្រោងជីកសិកម្មតម្លៃថោក ពីព្រោះទុក្ខរបស់កសិករ គឺជាទុក្ខរបស់ជាតិ ។ យើងយល់ច្បាស់ពីបម្រែបម្រួលសេដ្ឋកិច្ចពិភពលោក ហើយយើងអាចគ្រប់គ្រងតម្លៃទំនិញកសិកម្មនៅថៃបាន ប៉ុន្តែពិបាកគ្រប់គ្រងតម្លៃទំនិញកសិកម្មកំណត់នៅក្រៅប្រទេស ។ ថ្មីៗនេះ តម្លៃអង្ករចុះថោក ដោយសារឥណ្ឌាលក់អង្ករថោកត្រឹមជាង៣០០ដុល្លារក្នុង១តោន ទើបធ្វើតម្លៃអង្ករពិភពលោកធ្លាក់ចុះ ។ យើងនឹងព្យាយាមជួយកសិករឱ្យបង្កើនទីផ្សារ ដោយថៃបានលក់អង្ករជាង៤សែនតោនឱ្យអាហ្វ្រិកខាងត្បូង និងបញ្ចុះតម្លៃជីកសិកម្មដើម្បីសម្រាលបន្ទុកកសិករ ។

ប្រទេសថៃនឹងបញ្ចុះតម្លៃជីកសិកម្មមានគុណភាពល្អអាចប្រើប្រាស់ជាមួយដំណាំគ្រប់ប្រភេទ ដូចជា ៖ ស្រូវ បន្លែបង្ការ ឈើហូបផ្លែ និងរុក្ខជាតិសម្រាប់លម្អ ។ កន្លងមក ក្រសួងពាណិជ្ជកម្មបានប្រជុំជាមួយសមាជិកសភាគណបក្សភឿថៃ ដើម្បីដោះស្រាយបញ្ហាតម្លៃទំនិញកសិកម្មធ្លាក់ចុះ ហើយយើងក៏បានឯកភាពបញ្ចុះតម្លៃជីជួយកាត់បន្ថយការចំណាយកសិករ ។ ក្រោយការសាកល្បងគម្រោងឃើញថា ទទួលបានការគាំទ្រ ទើបយើងព្យាយាមពង្រីកគម្រោង ។ បើពលរដ្ឋត្រូវការជីបន្ថែម យើងនឹងស្វែងរកជីមកឱ្យពួកគេ ហើយបើតម្លៃជីលើទីផ្សារពិភពលោកធ្លាក់ចុះ ថៃនឹងបញ្ចុះតម្លៃដែរ ។ ក្រសួងពាណិជ្ជកម្មមិនព្រងើយកន្តើយទេ យើងនឹងជួយកសិករឱ្យអស់លទ្ធភាព ។
ចំណែកការទិញជីតម្លៃថោកពីគម្រោងរបស់ក្រសួងកសិកម្ម គឺកសិករអាចកុម្ម៉ង់ទិញតាមរយៈក្រុមកសិករ សហករណ៍ សហគ្រាសសហគមន៍ មជ្ឈមណ្ឌលគ្រប់គ្រងដី និងជីសហគមន៍ ព្រមទាំងសហករណ៍កសិកម្មសម្រាប់អតិថិជនរបស់ធនាគារ BAAC ។ ក្រសួងកសិកម្មនឹងប្រមូលចំនួនការកុម្ម៉ង់ទិញជី និងទំនាក់ទំនងជាមួយនាយកដ្ឋានលើកកម្ពស់កសិកម្ម និងនាយកដ្ឋានសហករណ៍ ដើម្បីចែកចាយជីតម្លៃពិសេសឱ្យដល់ដៃកសិករដោយផ្ទាល់ ហើយក្រសួងក៏សូមអរគុណសមាគមទាំងអស់ដែលបានចូលរួមក្នុងគម្រោងបញ្ចុះតម្លៃជី ។
ក្រៅពីនេះ កសិករក៏អាចកុម្ម៉ង់ទិញជីពីរោងចក្រផលិតជីដែលចូលរួមក្នុងគម្រោង ហើយតម្លៃជីនឹងផ្សព្វផ្សាយក្នុងគេហទំព័ររបស់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង រួមទាំងគេហទំព័រមន្ទីរពាណិជ្ជកម្មខេត្ត កសិករខេត្តនៅទូទាំងប្រទេស ព្រមទាំងផ្សព្វផ្សាយក្នុងវិទ្យុសហគមន៍ក្នុងតំបន់នីមួយៗ ដើម្បីឱ្យកសិករនៅទូទាំងប្រទេសជ្រាបពីតម្លៃជី ៕










