ទន្ទឹមនឹងពិធីរៀបមង្គលការកាន់តែខិតជិតមកដល់តារាចម្រៀងល្បីឈ្មោះ ជី ដេវិត និង ទេព បូព្រឹក្ស បានទម្លាក់រូបភាព Pre Wedding របស់ខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងទិដ្ឋភាពផ្សេងៗគ្នា។ យ៉ាងណាមិញរូបភាព Pre Wedding ក្នុងសម័យកាលពីដើមបានធ្វើឱ្យហ្វេនៗសើចគាំងតែម្តង។
កាលពីថ្ងៃទី២ ឧសភា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់រូបថត Pre Wedding របស់ខ្លួនដែលតែងបែបសម័យកាលបារាំងនិងបានថតនៅតំបន់ប្រាសាទអង្គរលើទឹកដីខេត្តសៀមរាបជាមួយនឹងសម្តីយ៉ាងផ្អែមល្ហែមទៅកាន់ ជី ដេវិត ថា «មិនសុំហួសហេតុពេកទេ សុំត្រឹមឱ្យបងស្រលាញ់អូនតែមួយបានហើយ ហើយពេលអូនស្តីឱ្យកុំតមាត់ សុំឱ្យបានចឹងរហូតណា គួរឱ្យស្រលាញ់»។
អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងគឺនៅពេលតារាចម្រៀងរូបនេះបានទម្លាក់រូបថតតាមបែបការរៀបការសម័យពីដើមទាំងកាយវិការ ការបញ្ចេញទឹកមុខ ធ្វើឱ្យហ្វេនៗសើចគាំងតែម្តង។ រូបភាព Pre Wedding របស់តារាចម្រៀងទាំងពីររូបបានបង្ហាញពីការថតរូបដូចជាកូនក្រមុំអ៊ុចបារីឱ្យកូនកំលោះ , កូនកំលោះកូនក្រមុំលើកផ្លែឈើបញ្ចុកគ្នា កូនក្រមុំគេងកើយភ្លៅកូនកំលោះ និងរូបភាពព្រះថោងតោងស្បៃជាដើម។

រូបភាព Pre Wedding របស់ ជី ដេវិត និង ទេព បូព្រឹក្ស ដែលថតតាមបែបសម័យកាលពីដើមកូនកំលោះកូនក្រមុំមិនញញឹម ការកាត់តរូបភាពតាមសម័យកាលពីដើមនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈ រួមទាំងហ្វេនៗរបស់អ្នកទាំងពីរផ្ទុះសំណើចយ៉ាងខ្លាំងដែលឃើញតារាចម្រៀងទាំងពីរដួងថតរូបភាព Pre Wedding បែបនេះឱ្យហ្វេនៗបានទស្សនា។
គួរបញ្ជាក់ផងដែរថា ជី ដេវិត និង ទេព បូព្រឹក្ស នឹងដឹកដៃគ្នាចូលរោងជ័យនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ លើសពីនេះអ្នកទាំងពីរក៏គ្រោងរៀបចំកម្មវិធីជប់លៀងអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនផងដែរ៕










