ខេត្តកោះកុង ៖ ធ្វើដំណើរចម្ងាយត្រឹមតែ១០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកោះកុង អ្នកនឹងបានមកដល់ទីតាំងទឹកធ្លាក់លាក់ខ្លួនមួយកន្លែង ដែលមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ហើយបើបានប៉ះទឹកដ៏ថ្លានិងត្រជាក់កាលណានឹងធ្វើអោយភាពស្មុគស្មាញទាំងប៉ុន្មានរលាយបាត់អស់តែម្ដង។
ទឹកធ្លាក់នេះមានឈ្មោះថា “សិលាមានជ័យ” ឬមានអ្នកខ្លះទៀតហៅថា “ទឹកធ្លាក់តាយ៉ុង” តំបន់សហគមន៍ទេសចរណ៍ធម្មជាតិស្ថិតនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ មូលហេតុដែលមានអ្នកខ្លះហៅថា “ទឹកធ្លាក់តាយ៉ុង” គឺដោយសារយកតាមឈ្មោះ ចៅសង្កាត់ ស្មាច់មានជ័យ លោកតាយ៉ុង ដែលជាអ្នកផ្តួចផ្តើមបង្កើតជាសហគមន៍ទេសចរណ៍នេះ និងធ្វើផ្លូវទៅលេងទឹកធ្លាក់។
បច្ចុប្បន្ន ទឹកជ្រោះសិលាមានជ័យនេះ មិនសូវមានអ្នកនិយមទៅលេងច្រើននោះទេ ដែលធ្វើឲ្យបរិយាកាសនៅទីនេះស្ងប់ស្ងាត់ល្អ។ ពេលចូលមកដល់តំបន់ទឹកធ្លាក់នេះភ្លាម អ្នកនឹងបានឮសំឡេងទឹកធ្លាក់គងរំពង សំឡេងសត្វស្លាប និងសំឡេងនៃស្លឹកឈើដែលត្រូវខ្យល់បក់រេរប៉ះទង្គិចគ្នា បង្កើតជាទិដ្ឋភាពមួយដែលមិនងអាចបំភ្លេចបានឡើយ។ 
ទឹកធ្លាក់តាយ៉ុងហូរតាមជម្រាលថ្ម ជា ៤ ដំណាក់ ហើយជាទូទៅ ភ្ញៀវទេសចរនិយមទៅងូតទឹកលេងនៅដំណាក់ទី ១ និងទី ២ ដែលនៅជិតគ្នា និងមានល្បាក់ទឹកធ្លាក់ខ្ពស់ជាង ១០ ម៉ែត្រ និងមានមុខកាត់រហូតដល់ជាង ៥០ ម៉ែត្រ។ ពីទឹកធ្លាក់ជាន់ខាងលើទាំង ២ ទៅក្រោមភ្ញៀវទេសចរ អាចដើរលេងថតរូបកម្សាន្ត ផ្តិតយកទិដ្ឋភាពតាមជម្រាលទឹកហូរ ដែលមានផ្ទៃស្ទើររាបស្មើ។
ក្រៅពីនេះ នៅតាមបណ្ដោយទឹកធ្លាក់ហូរ ដែលមានទីធ្លាស្រឡះល្អភ្ញៀវទេសចរក៏អាចអង្គុយលេងឬបរិភោគអាហារ ដែលទិញ ឬខ្ចប់មកបាន។ ចំពោះពេលវេលាដែលភ្ញៀវទេសចរមកលេងភាគច្រើន គឺនៅថ្ងៃសៅរ៍ និងអាទិត្យ។ ទីតាំងនេះទើបល្បីឈ្មោះក្រោយពេលមានការឈូសឆាយផ្លូវទៅកាន់ទំនប់វារីអគ្គិសនី របស់ក្រុមហ៊ុនចិននៅស្ទឹងឫស្សីជ្រុំក្រោម។
គួរបញ្ជាក់ថា រដូវកាលដែលទេសភាពនៅទីនេះអំណោយផលបំផុត គឺចន្លោះពីខែមិថុនា ដល់ខែវិច្ឆិកា ព្រោះជាពេលដែលរុក្ខជាតិលូតលាស់ល្អ និងមានពណ៌បៃតងស្រស់បំប្រង រួមជាមួយអាកាសធាតុត្រជាក់ល្អផងដែរ។ បន្ថែមពីនោះក៏ជាពេលដែលទឹកធ្លាក់ច្រើន និងថ្លាខ្លាំង កាន់តែធ្វើឲ្យបរិយាកាសនៅជុំវិញទីនេះស្រស់ស្អាតថែមមួយកម្រិត៕










