ប្រទេសចិន ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា លោក គួ ជៀគុន មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានបដិសេធនឹងការលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជជែកតាមទូរស័ព្ទពីបញ្ហាពន្ធទំនិញជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ។ រដ្ឋាភិបាលចិនពុំបានព្យាយាមធ្វើកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិកទេ ដែលវាផ្ទុយគ្នានឹងការអះអាងរបស់លោក ត្រាំ ជាមួយទស្សនាវដ្តី Time ថា ប្រធានាធិបតីចិនបានទូរស័ព្ទមកលោក ។.png)
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀគុន និយាយថា ៖ «បើតាមខ្ញុំដឹង គឺមេដឹកនាំទាំងពីរប្រទេសពុំបានទូរស័ព្ទរកគ្នាកាលពីពេលថ្មីៗនេះទេ ខ្ញុំសូមបញ្ជាក់ថា ចិន និងអាមេរិក ពុំបានពិភាក្សា ឬចរចាពាក់ព័ន្ធនឹងពន្ធទំនិញឡើយ ។ បើអាមេរិកចង់ដោះស្រាយបញ្ហាពន្ធទំនិញតាមរយៈការសន្ទនា ឬចរចា អាមេរិកគួរតែឈប់គំរាមកំហែង និងបង្ខូចកេរ្តិ៍ឈ្មោះចិន» ។
.png)
ក្នុងកិច្ចសម្ភាសន៍របស់លោក ត្រាំ ទៅកាន់ទស្សនាវដ្តី Time ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា កន្លងមក គឺលោក ត្រាំ និយាយថា រដ្ឋាភិបាលអាមេរិកបានជជែកជាមួយចិន ដើម្បីធ្វើកិច្ចព្រមព្រៀងពន្ធ ក្រោយពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានទូរស័ព្ទមកជជែកជាមួយលោកដោយផ្ទាល់ ។
លោក ត្រាំ បាននិយាយទៀតថា លោកបានធ្វើកិច្ចព្រមព្រៀងពន្ធជាមួយចិន ប្រមាណ២០០ច្បាប់ ក្រោយពីបពិភាក្សាជាមួយក្រុមមន្ត្រីបរទេសនៅសេតវិមាន ប៉ុន្តែលោក ត្រាំ ពុំបាននិយាយលម្អិតថា តើអាមេរិកធ្វើកិច្ចព្រមព្រៀង ឬលក្ខខណ្ឌជាមួយប្រទេសណាខ្លះ? ក្រោយលោក ត្រាំ និយាយបែបនេះ រដ្ឋាភិបាលចិនបដិសេធថា ចិនពុំបានចរចាជាមួយអាមេរិកឡើយ អាមេរិកបានធ្វើឱ្យប្រទេសនានាយល់ខុសមកលើចិន ។
.png)
ការចរចាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរ ត្រូវបានប្រទេសផ្សេងៗសន្និដ្ឋានពីលទ្ធផលការចរចាខុសៗគ្នា ក្រោយពីលោក ត្រាំ បាននិយាយនៅថ្ងៃទី២៤ ខែមេសា ថា ការចរចាពាណិជ្ជកម្មអាមេរិក-ចិន កំពុងតែដំណើរការ ។
រដ្ឋាភិបាលរបស់លោក ត្រាំ នឹងពិចារណាកាត់បន្ថយពន្ធទំនិញចិនមួយចំនួន ដែលអាស្រ័យលើការចរចាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ។ រីឯចិនបានអំពាវនាវឱ្យអាមេរិកលុបចោលការដំឡើងពន្ធទំនិញចិនទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីសប្តាហ៍ទី៤ ខែមេសា ៕










