សហរដ្ឋអាមេរិក ៖ តុលាការអាមេរិកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ឈប់ព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដូចជា ៖ វិទ្យុសំឡេងសហរដ្ឋអាមេរិក Voice of America (VOA), វិទ្យុអាស៊ីសេរី Radio Free Asia (RFA) និង Middle East Broadcasting Networks ហើយរដ្ឋាភិបាលត្រូវតែផ្តល់ប្រាក់ឧបត្ថម្ភ និងការងារឱ្យបុគ្គលិកវិទ្យុ VOA ជាង១,០០០នាក់វិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។.png)
លោក Royce Lamberth ជាចៅក្រមទទួលខុសត្រូវបណ្តឹងរបស់បុគ្គលិករងផលប៉ះពាល់ដោយសារ U.S. Agency for Global Media (USAGM) បិទប្រព័ន្ធផ្សព្វផ្សាយនានាដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ។ លោកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលលោក Trump ផ្តល់ការងារឱ្យបុគ្គលិកក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលឆាប់ៗ ដូចជា ៖ បុគ្គលិកវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ ។.png)
កន្លងមក ភ្នាក់ងារ USAGM បានបញ្ឈប់បុគ្គលិកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយរហូតដល់ជាង១,០០០នាក់ ក្រោយពីលោក Trump ចេញបទបញ្ជាឱ្យបិទប្រព័ន្ធផ្សព្វផ្សាយកាលពីខែមីនា ។ មេធាវីតំណាងវិទ្យុ VOA ឱ្យដឹងថា ការសម្រេចចិត្តបើកប្រព័ន្ធផ្សព្វផ្សាយរបស់តុលាការអាមេរិក គឺជាជោគជ័យយ៉ាងធំសម្រាប់សេរីភាពសារព័ត៌មាន ខណៈមន្ត្រី USAGM និងមន្ត្រីសេតវិមាន ពុំបាននិយាយអ្វីទេពីការបើកប្រព័ន្ធផ្សព្វផ្សាយឡើងវិញ ។

តុលាការអាមេរិកបញ្ជាក់ថា សភាអាមេរិកបានបែងចែកថវិកា និងកំណត់បេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីផ្សាយព័ត៌មានត្រឹមត្រូវ មិនលម្អៀង និងទូលំទូលាយ ដែលនេះជាសេរីភាពនិយាយស្តីរបស់សារព័ត៌មាន ។ សភាអាមេរិកមិនត្រូវផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំប្រទេសក្នុងការបញ្ឈប់ ឬផ្អាកជំនួយប្រព័ន្ធផ្សព្វផ្សាយទេ ។ ដូច្នេះ រដ្ឋាភិបាលត្រូវតែផ្តល់ការងារឱ្យបុគ្គលិកវិទ្យុ VOA ព្រមទាំងផ្តល់ការងារឱ្យបុគ្គលិកវិទ្យុ RFA និង Middle East Broadcasting Networks ។
លោក Trump បានចាញ់ក្តី VOA ក្រោយពីតុលាការអាមេរិកបញ្ជាឱ្យរដ្ឋាភិបាលលុបចោលបទបញ្ជាបិទវិទ្យុរបស់ Trump ។ តុលាការកំណត់ឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ និងឱ្យបុគ្គលិក VOA ជាង១,០០០នាក់ ចូលធ្វើការវិញ ពីព្រោះលោក Trump បិទវិទ្យុ VOA តាមចិត្តខ្លួនឯង ។ បុគ្គលិក VOA ជាង១,០០០នាក់ ត្រូវបានជូនដំណឹងឱ្យសម្រាកពីការងារ ក្រោយពីលោក Trump ចេញបញ្ជាឱ្យបិទវិទ្យុនេះ ដោយសារផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងលោក ។.png)
លោក Trump បានរិះគន់ការផ្សាយរបស់ VOA ហើយនៅខែមករា ឆ្នាំ២០២៥ លោកបានស្នើឱ្យភ្នាក់ងារ USAGM កាត់បន្ថយថវិកាឧបត្ថម្ភវិទ្យុ VOA, RFE និង RFA ឱ្យបានតិចបំផុត រហូតឈានដល់ការបិទវិទ្យុ និងធ្វើឱ្យបុគ្គលិក VOA ជាង១,០០០នាក់បាត់បង់ការងារ ។ វិទ្យុ VOA បានបង្កើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដើម្បីប្រឆាំងការឃោសនារបស់ពួកណាស៊ី ហើយវិទ្យុនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់លើពិភពលោក នាពេលបច្ចុប្បន្ន ៕










