សហរដ្ឋអាមេរិក ៖ ការដំឡើងពន្ធទំនិញនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍អាមេរិកយ៉ាងខ្លាំង ភ្ញៀវទេសចរអឺរ៉ុបសម្រុកលុបចោលដំណើរកម្សាន្តនៅអាមេរិកជាបន្តបន្ទាប់ ដោយសារពួកគេបារម្ភពីវិធានការត្រួតពិនិត្យភ្ញៀវទេសចរតឹងរ៉ឹងនៅព្រំដែន និងការមិនស្វាគមន៍ភ្ញៀវទេសចរពេលធ្វើដំណើរមកដល់អាមេរិក ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។
ទិន្នន័យការិយាល័យពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅអាមេរិកបានធ្លាក់ចុះរហូតដល់១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ជាពិសេស ភ្ញៀវទេសចរមកពីប្រទេសអៀរឡង់ ន័រវែស អាល្លឺម៉ង់ កាណាដា និងអង់គ្លេស បានធ្លាក់ចុះជាង២០% ។
តាមការយល់ឃើញរបស់អ្នកវិភាគ គឺភ្ញៀវទេសចរមកកម្សាន្តនៅអាមេរិកធ្លាក់ចុះបណ្តាលមកពីកត្តាជាច្រើន ដូចជា ៖ លោក Trump ដំឡើងពន្ធទំនិញប្រទេសនានា សូម្បីកាណាដា និងម៉ិកស៊ិក ក៏គេចមិនផុតពីការដំឡើងពន្ធ ។ កត្តាមួយទៀត គឺភ្ញៀវទេសចរបារម្ភពីការគ្រប់គ្រងព្រំដែនតឹងរ៉ឹង និងព័ត៌មានមិនល្អពាក់ព័ន្ធនឹងការត្រួតពិនិត្យអ្នកដំណើរនៅព្រំដែន ។ ក្រៅពីនេះ អាមេរិកពុំស្វាគមន៍ភ្ញៀវទេសចរពេលធ្វើដំណើរមកដល់អាមេរិក ជាពិសេស ភ្ញៀវទេសចរភេទទី៣ ។
ចំនួនភ្ញៀវទេសចរធ្លាក់ចុះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ដោយសារវិស័យទេសចរណ៍អាមេរិក ស្មើ២.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ការិយាល័យពាណិជ្ជកម្មអន្តរជាតិបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់ជាង២៥ម៉ឺន៣ពាន់លានដុល្លារ ក្នុងនោះការចំណាយប្រាក់ផ្នែកទេសចរណ៍ ស្មើ១៩% ។
.png)
អ្នកស្រី Gloria Sync អ្នកសិល្បៈ និងអ្នកនិពន្ធមកពីទីក្រុង Nottingham ប្រទេសអង់គ្លេស និយាយថា ៖ «យើងបានសម្រេចចិត្តលុបចោលការធ្វើដំណើរទៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៅខែឧសភា ដោយសារឃើញព័ត៌មានផ្សាយពីការឃុំខ្លួនភ្ញៀវទេសចរនៅព្រំដែនអាមេរិក ។ ខ្ញុំជាមនុស្សកែភេទ កាន់តែបារម្ភខ្លាំង ហើយខ្ញុំពុំដឹងថា នឹងទៅលេងអាមេរិកពេលណាទេ» ។

ក្រុមហ៊ុនអាកាសចរណ៍នានាបានរងផលប៉ះពាល់ខ្លាំងបំផុត ក្រោយការកក់សំបុត្រយន្តហោះឆ្លងមហាសមុទ្រអាត្លង់ទិកធ្លាក់ចុះ ខណៈក្រុមហ៊ុនអាកាសចរណ៍ធ្លាប់ទទួលបានប្រាក់ចំណូលច្រើនបំផុតកន្លងមក ។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនចាប់ផ្តើមបញ្ចុះតម្លៃសំបុត្រយន្តហោះដើម្បីទាក់ទាញអតិថិជនគោលដៅ ប៉ុន្តែនៅតែគ្មានអតិថិជន ដោយសារការដឹកនាំប្រទេសមិនប្រាកដប្រជារបស់រដ្ឋាភិបាលអាមេរិក ។

អ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ឱ្យដឹងថា សេដ្ឋកិច្ចអាមេរិកនឹងរងផលប៉ះពាល់ដោយសារភ្ញៀវទេសចរធ្លាក់ចុះ និងការកាត់បន្ថយចំណាយប្រាក់របស់ភ្ញៀវទេសចរ ។ នៅឆ្នាំ២០២៥ ការធ្វើដំណើរឆ្លងប្រទេសនឹងធ្លាក់ចុះរហូតដល់៩.៤% ហើយសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះរយៈពេលវែង បើចំនួនភ្ញៀវទេសចរនៅតែធ្លាក់ចុះបែបនេះ ៕










