ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩នេះ នៅតាមបណ្ដារខេត្ត-ក្រុងនីមួយរួទាំងរាជធានីភ្នំពេញ បានខិតខំរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដែលមានលក្ខណៈប្លែកៗនិងស្រស់ស្អាតរៀងៗខ្លួន ដើម្បីទាក់ទាញឲ្យមានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តច្រើនកុះករ។

ជាលទ្ធផលជាក់ស្ដែង ពិតជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាជនមូលដ្ឋានបានមកចូលរួម និងធ្វើដំណើរទៅលេងកម្សាន្តតាមរមណីយដ្ឋាន នៅតាមគោលដៅទេសចរណ៍នានា និងនៅតាមទីតាំងសំខាន់ៗដែលមានរៀបចំកម្មវិធីសង្រ្កាន្តផ្សេងៗយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងប្រទេស។
នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណី រាជធានី-ខេត្តទាំង៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរបានបង្ហាញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ចំណាត់ថ្នាក់ទី១ រាជធានីភ្នំពេញ៖ ទទួលបានភ្ញៀវទេសចរចំនួន ២, ៨៦៣, ៩២២នាក់ ដែលនៅក្នុងនោះ រាជធានីភ្នំពេញបានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street)។
ចំណាត់ថ្នាក់ទី២ ខេត្តសៀមរាប៖ មហាព្រឹត្តិការណ៍អង្គរសង្រាន្តនៅខេត្តសៀមរាប ទាក់ទាញបានភ្ញៀវទេសចរសរុបចំនួន ២, ៧៥២, ៨១៨នាក់។
ចំណាត់ថ្នាក់ទី៣ ខេត្តកំពង់ចាម៖ មានភ្ញៀវទេសចរសរុបចំនួន ២, ៧៤៨, ២២៨នាក់ បានមកចូលរួមកម្សាន្តក្នុងកម្មវិធីសង្រាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាលចំនួន៣តោន ប្រវែង១ពាន់ម៉ែត្រ។
ចំណាត់ថ្នាក់ទី៤ ខេត្តព្រៃវែង៖ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងរយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរឲ្យមកចូលរួមសរុបចំនួន ២, ៣៩៤, ៣៤៣នាក់។
ចំណាត់ថ្នាក់ទី៥ ខេត្តបាត់ដំបង៖ សម្រាប់ការរៀបចំសង្រ្កាន្ត និងកម្មវិធីកម្សាន្តសប្បាយៗនៅខេត្តបាត់ដំបង ទាក់ទាញបានភ្ញៀវទេសចរសរុបចំនួន ១, ៧៤១, ៧៩៥នាក់។
យ៉ាងណាមិញ នៅតាមបណ្ដារខេត្តផ្សេងៗទៀត ក៏បានរៀបចំឲ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា ក៏បានទាក់ទាញឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តបានច្រើនកុះករផងដែរ៕










