រដ្ឋកាលីហ្វ័រញ៉ា ៖ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសថា៖ រដ្ឋកាលីហ្វ័រញ៉ាកំពុងរៀបចំដាក់ពាក្យបណ្ដឹងប្រឆាំងនឹងប្រធានាធិបតីប្រទេសរបស់ខ្លួន គឺលោកDonald J.Trump ជុំវិញបញ្ហាពន្ធគយដែលបានកំណត់ថ្មី ដែលបានធ្វើឳ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក និងអាមេរិកផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឳ្យដឹងថា កាលីហ្វ័រញ៉ា បានក្លាយជារដ្ឋដំបូងហើយ ដែលបានដាក់ពាក្យបណ្ដឹងចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump អំពីបញ្ហាពន្ធគយដែលដាក់ចេញកាលពីថ្មីៗនេះ។

លោកNewsom និងអគ្គមេធាវីរបស់រដ្ឋ លោក Rob Bonta បានប្រកាសអំពីបណ្តឹងនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី១៦ ខែមេសា ថា៖ លោកDonald Trump មិនមានសិទ្ធិដាក់ចេញនូវការកំណត់ពន្ធបែបនេះទេ។ នៅក្នុងនោះផងដែរ លើបានបន្តទៀតថា ការប្រើប្រាស់ច្បាប់អំណាចសេដ្ឋកិច្ចអន្តរជាតិ របស់ប្រធានាធិបតីDonald Trump ដើម្បីដាក់ពន្ធទៅលើប្រទេសដែលជាដៃគូទាំងអស់នោះ គឺជារៀងខុសច្បាប់ ហើយការអនុម័តពន្ធគឺតម្រូវឳ្យមានការព្រមព្រៀងពីសភាជាមុនសិន។
គួរបញ្ជាក់ថា ការដាក់ពាក្យប្ដឹងលោក Trump គឺត្រូវបានធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា ការដាក់ពន្ធគយលើទំនិញទាំងខុសច្បាប់របស់លោកTrump បានធ្វើឳ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ អាជីវកម្មតូចធំទាំងឡាយ ព្រោះវាបានជំរុញឳ្យមានការឡើងថ្លៃនៃទំនិញ និងគំរាមកំហែងដល់ការងាររបស់ប្រជាពលរដ្ឋុ។ លើសពីនេះ វាប៉ះពាល់ធំបំផុតដល់រដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥របស់ពិភពលោក និងវ៉ាដាច់គ្រប់រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក រួមទាំងប្រទេសភាគច្រើន ហើយជាកន្លែងសម្រាប់ភាគហ៊ុនធំបំផុតនៃចង្វាក់ផលិតកម្ម និងផលិតផលកសិកម្មនៅក្នុងសហរដ្ឋអាមេរិក។
.jpg)
ដោយឡែក អ្នកនាំពាក្យរបស់សេតវិមានលោក Kush Desai បានជំទាស់នឹងការប្ដឹងនេះ ព្រមទាំងនិយាយការពារលោកTrumpថា “ជំនួសឱ្យការផ្តោតទៅលើឧក្រិដ្ឋកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ភាពគ្មានផ្ទះសម្បែង លោក Gavin Newsom បែរជាកំពុងចំណាយពេលវេលារបស់គាត់ដើម្បីព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីលោក Donald Trump ក្នុងការដោះស្រាយលំឳនភាពពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកទៅវិញ
។
គួររំលឹកផងដែរថា លោកDonald Trump បានលើកឡើងអំពីហេតុផលជាច្រើននៅក្នុងការកំណត់ពន្ធគយថ្មីថា៖ ការតម្លើងអត្រាពន្ធគយលើទំនិញនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញការផលិតរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់នូវការនាំចូលនូវសារធាតុ Fentanyl ដោយខុសច្បាប់មកក្នុងប្រទេស។
ខណៈពេលដែលរដ្ឋកាលីហ្វ័រញ៉ាគឺជារដ្ឋដំបូងគេដែលដាក់ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងរដ្ឋបាល Trump ជុំវិញការយកពន្ធនេះ បណ្តឹងជាច្រើនទៀតដែលប្តឹងដោយអាជីវកម្មខ្នាតតូច និងក្រុមសិទ្ធិស៊ីវិលបានជំទាស់នឹងសិទ្ធិអំណាចរបស់លោក Trump លើបញ្ហានេះ៕










