ការធ្វើដំណើរកម្សាន្ត ឬទៅលេងស្រុកកំណើតតាមបណ្តាខេត្ត គឺជាពេលវេលាដែលមនុស្សភាគច្រើនទន្ទឹងរង់ចាំ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលមានបញ្ហាពុលឡាន គឺពិបាកក្នុងខ្លួនពេលធ្វើដំណើរ ដោយសារក្អួតចង្អោរ និងវិលមុខ ជាពិសេស ពេលជិះឡានលើផ្លូវកោង ហើយពួកគេពុំរីករាយពេលធ្វើដំណើរទេ ។ លើសពីនេះ ការពុលឡាននឹងប៉ះពាល់ដល់អ្នកអង្គុយនៅក្បែរៗ ដែលធ្វើឱ្យបរិយាកាសធ្វើដំណើរពោរពេញដោយសេចក្តីក្តីសុខ និងរីករាយ ក្លាយទៅជាតានតឹង និងបារម្ភ ។
សារព័ត៌មាន KBN បានដកស្រង់នូវវិធីកាត់បន្ថយការពុលឡានពេលធ្វើដំណើរផ្លូវឆ្ងាយមកជូនលោកអ្នក ដូចខាងក្រោម ៖
១-លេបថ្នាំពុលឡាន ៖ គួរលេបថ្នាំពុលឡានមុនពេលធ្វើដំណើរប្រមាណ៣០នាទី ដើម្បីកុំឱ្យខួរក្បាលពុំច្របូកច្របល់ ឬឈឺក្បាល ។

២-ឈប់ឡាន និងសម្រាក ៖ បើមានអារម្មណ៍វិលមុខ ឬចង់ក្អួត គួរឈប់ឡានភ្លាមៗនៅកន្លែងមានសុវត្ថិភាព និងចុះពីឡានមកស្រូបខ្យល់អាកាសបរិសុទ្ធ ពត់ដៃពត់ជើង និងសម្រាកមួយសន្ទុះដើម្បីឱ្យខួរក្បាលបានសម្រាកចាប់ពី៥នាទី ទៅ១០នាទី ។
៣-អង្គុយនៅកន្លែងសមស្រប ៖ ការអង្គុយនៅកៅអីខាងមុខនឹងជួយកាត់បន្ថយចលនាខួរក្បាល និងភ្នែក និងអាចសម្លឹងទៅផ្លូវខាងមុខឃើញច្បាស់ ។ ការអង្គុយកៅអីមុខឬកៅអីកណ្តាល អាចជួយកាត់បន្ថយការវិលមុខ ប៉ុន្តែកុំបែរមុខ ឬកុំអង្គុយកៅអីបែរមុខទៅក្រោយ ពីព្រោះនឹងធ្វើឱ្យប្រព័ន្ធខួរក្បាលច្របូកច្របល់ ។

៤-ថ្នាំហិត ឬប្រេងក្រអូប ៖ វិធីមួយទៀតអាចប្រើប្រាស់ថ្នាំហិត ឬប្រេងក្រអូបមានក្លិនផ្សេងៗ ដូចជា ៖ ក្លិនផ្លែប៉ោម ឬក្រូចឆ្មារ ដើម្បីកាត់បន្ថយការក្អួត ។ យើងអាចបន្តក់ប្រេងក្រអូបលើកន្សែងជូតមុខ រួចហើយ យកវាមកស្រូបក្លិនស្រាលៗកុំឱ្យពុលឡាន ។.jpg)
៥-ផឹកទឹក និងបរិភោគចំណីរសជាតិជូរ ៖ ចូរផឹកទឹកធម្មតា ទឹកខ្ញី និងភេសជ្ជៈ ដើម្បីបង្កើនអារម្មណ៍ស្រស់ថ្លាដល់រាងកាយ ព្រមទាំងបរិភោគផ្លែឈើជូរ ដូចជា ៖ ស្វាយ អំពិល និងគីមប៊ួយ ក៏ជាវិធីមួយទៀតដើម្បីកាត់បន្ថយពុលឡាន ។
៦-កុំអានសៀវភៅ ឬលេងទូរស័ព្ទ ៖ ការអានសៀវភៅ ឬលេងទូរស័ព្ទពេលធ្វើដំណើរ នឹងធ្វើឱ្យប្រព័ន្ធខួរក្បាលមានបញ្ហា ពីព្រោះភ្នែកពុំអាចចាប់រូបភាពមានចលនាលឿន ។ គួរចៀសវាងសកម្មភាពទាំងនេះពេលជិះឡាន ប៉ុន្តែចូរអង្គុយស្ងៀម បិទភ្នែក ឬសម្លឹងទៅមុខ ។.png)
៧-ប្រយ័ត្នអាហារមួយចំនួន ៖ កុំបរិភោគអាហារឆ្អែតខ្លាំងពេកមុនពេលធ្វើដំណើរ និងចៀសវាងអាហារសម្បូរខ្លាញ់ ឬអាហាររសជាតិឌិតខ្លាំង ។ ក្រៅពីនេះ កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬស្រា និងហាមជក់បារី ឬអង្គុយក្បែរអ្នកជក់បារី ។

វិធីកាត់បន្ថយការពុលឡានទាំងនេះនឹងក្លាយជាប្រយោជន៍ដល់លោកអ្នកដែលមានបញ្ហាពុលឡាន ដើម្បីឱ្យការធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ប្រកបដោយក្តីរីករាយ និងអស់កង្វល់រឿងសុខភាព ៕










