រាជធានីភ្នំពេញ៖ ទណ្ឌិតចំនួន ៩០០នាក់ដែលមកពីពន្ធនាគារនៅតាមរាជធានា-ខេត្តចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន ៤ បានស្នើសុំការបន្ធូរបន្ធយទោស និងលើកលែងទោស ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិធីបុណ្យពិសាខបូជាឆ្នាំ២០២៥នេះ។
យោងតាមការបង្ហោះនៅលើផេករបស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥។ 
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ .jpg)
គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៤៩៤ នាក់ (ស្រី ៣៥នាក់) និងពិធីបុណ្យវិសាខបូជា ចំនួន ៤០៦ នាក់ (ស្រី ៤១នាក់) សរុបទាំងពីរកម្មវិធីបុណ្យមានចំនួន ៩០០ នាក់ (ស្រី ៧៦ នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន៤។

សូមបញ្ជាក់ថាគណៈកម្មការជាតិបានទទួលពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំអនុគ្រោះទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២១ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលមានទណ្ឌិតសរុបចំនួន ៩០០នាក់ ដោយក្នុងនោះ ៖ ស្នើសុំបន្ធូរបន្ថយទោស៣ខែ ចំនួន៥៩៧នាក់, ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ១៨៩ នាក់, ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៧៤ នាក់, ស្នើសុំបន្ធូរបន្ថយទោស១២ខែ ចំនួន១៤នាក់ , ស្នើសុំបន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ ចំនួន ២ នាក់, ស្នើសុំលើកលែងទោសចំនួន២៤នាក់៕










